តំបន់ផ្លូវក្រវាត់ក្រុងទី៣ ក្នុងខេត្តកណ្តាលក្លាយជាតំបន់ពេញនិយមបំផុតក្នុងការពង្រីកក្រុង

0

ដោយ៖ សុផារី

ភ្នំពេញ៖លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានមានប្រសាសន៍ថា ការអភិវឌ្ឍក្រុងនាពេលបច្ចុប្បន្នច្រើនធ្វើឡើងនៅផ្លូវក្រវាត់ក្រុងទី៣ក្នុងខេត្តកណ្តាល ដោយចាប់ផ្តើមពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ អចលនទ្រព្យលំនៅដ្ឋាន និង អចលនទ្រព្យពាណិជ្ជកម្ម ដែលការអភិវឌ្ឍទាំងអស់នេះអាចនឹងជះឥទ្ធិពលទៅលើតម្លៃដីធ្លីនៅតំបន់ទាំងនោះ។

លោកមានប្រសាសន៍ថា “ ដើម្បីបំពេញតម្រូវការនៃការប្រើប្រាស់ រាជធានីភ្នំពេញបាននិងកំពុងពង្រីកខ្លួនបន្ថែមទៀតកាន់តែច្រើននៅតាមតំបន់ជាយក្រុង។ ក្នុងនោះ តំបន់ផ្លូវក្រវាត់ក្រុងទី៣ ទទួលបានការអភិវឌ្ឍច្រើនបំផុត ជាពិសេសនៅក្នុងខេត្តកណ្តាល”។

លោកបញ្ជាក់ថា “បច្ចុប្បន្ននេះ ទិសដៅខេត្តកណ្តាលជាទិសដៅនៃអ្នកអភិវឌ្ឍន៍ជាយរាជធានីភ្នំពេញ។ គោលនយោបាយនៃការពង្រីកជា៣៦០ដឺក្រេ គ្រប់តំបន់ទាំងអស់នៅតាមផ្លូវក្រវាត់ក្រុងទី៣ ទី៤ ដែលជាផែនការអភិវឌ្ឍន៍ថ្មី”។

លោកបន្តថា “នាពេលបច្ចុប្បន្ន ភាគច្រើននៃការអភិវឌ្ឍធ្វើឡើងនៅលើផ្លូវក្រវាត់ក្រុងទី៣ ទទួលបានការគាំទ្រការវិនិយោគ ចំនួនដីធ្លីនិងផ្ទះសម្បែងផងដែរ ដែលជាកត្តាជំរុញការរីកចម្រើន”។

លោកបន្ថែមថា ការអភិវឌ្ឍក្រុងនៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញ ចាប់ផ្តើមដោយការពង្រីកប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ បន្ទាប់មកគឺលំនៅដ្ឋាន បន្ទាប់មកចាប់ផ្តើមមានការនាំនូវអាគារពាណិជ្ជកម្ម ចូលទៅកាន់តំបន់អភិវឌ្ឍន៍ថ្មី៕

LEAVE A REPLY

Please enter your comment!
Please enter your name here