ដោយៈគង់ សូរិយា
ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា(NBC) បានបង្ហាញថា អតិផរណារបស់ប្រទេសកម្ពុជា នឹងធ្លាក់ចុះទាបជាង៥ភាគរយ នៅឆមាសទី២ ឆ្នាំ ២០២២ ដោយសារតែភាពប្រសើរឡើង នៃសកម្មភាពសេដ្ឋកិច្ចដែលស្ថាប័ននេះបានព្យាករថា នឹងមានកំណើនក្នុងរង្វង់៥ភាគរយ។
ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោក ជា ចាន់តូ បានលើកឡើងអំពីការរំពឹងទុក នៃការធ្លាក់ចុះអត្រាអតិផរណាក្រោម៥ភាគរយនេះ ក្នុងជំនួបជាមួយនឹងក្រុមបេសកកម្មមាត្រាទី IV របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលដឹកនាំដោយលោក Alasdair Scott ប្រធានបេសកកម្មរបស់ IMF សម្រាប់កម្ពុជាកាលពីសប្តាហ៍មុន។
-->

លោកថ្លែងបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជារំពឹងថា មានកំណើនក្នុងរង្វង់៥ ភាគរយ ជាមួយនឹងអត្រាអតិផរណាអាចគ្រប់គ្រងបាន ទោះបីនៅក្នុងរយៈពេល៦ខែដើមឆ្នាំ ២០២២ បានកើនឡើងក៏ដោយ។ អតិផរណានៅឆមាសទី២ នេះត្រូវបានរំពឹងថាថយចុះទាបជាង៥ភាគរយ។
លោក Alasdair Scott បាននិយាយថា បេសកកម្មមាត្រាទី IV ជាបេសកកម្មតាមដាន និងវាយតម្លៃសេដ្ឋកិច្ចប្រចាំឆ្នាំរបស់ IMF ដើម្បីផ្ដល់ជូនអនុសាសន៍ គោលនយោបាយដល់ប្រទេសជាសមាជិក ក្នុងគោលដៅរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងរក្សាស្ថិរភាពហិរញ្ញវត្ថុ។
លោកបានអបអរសាទររាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារការរាលដាលនៃជំងឺកូវីដ១៩ ប្រកបដោយប្រសិទ្ធភាព ដែលជាកត្តាដ៏ចម្បងគាំទ្រដល់ការ-ងើបឡើងនៃសេដ្ឋកិច្ចកម្ពុជា៕
