ដោយ៖ សុផារី
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា នាពេលខាងមុខ កម្ពុជានឹងបន្តជំរុញការយកចិត្តទុកដាក់លើការអភិវឌ្ឍប្រសិទ្ធភាពថាមពល និងថាមពលកកើតឡើងវិញឱ្យបានជាអតិបរមា ខណៈឆ្នាំ២០២១កន្លងទៅនេះ ថាមពល ដែលបានមកពីប្រភពថាមពលកកើតឡើងវិញ បានកើនឡើងទៅដល់៤០ភាគរយ នៃថាមពលសរុបរបស់កម្ពុជា។

-->
ថ្លែងក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីថាមពលអាស៊ានលើកទី៤០ កិច្ចប្រជុំពាក់ព័ន្ធ និងវេទិកាធុរកិច្ចថាមពលអាស៊ានឆ្នាំ២០២២ នៅថ្ងៃទី១៥ ខែកញ្ញានេះ សម្តេចតេជោបានមានប្រសាសន៍ថា ក្នុងឆ្នាំ២០២១កន្លងទៅនេះ ថាមពល ដែលបានមកពីប្រភពថាមពលកកើតឡើងវិញ រួមមាន វារីអគ្គិសនី ថាមពលដើរដោយពន្លឺព្រះអាទិត្យ និងថាមពលជីវម៉ាស់ បានកើនឡើងទៅដល់៤០ភាគរយ នៃថាមពលសរុបរបស់កម្ពុជា។
សម្តេចបន្តថា “បើពិនិត្យមើលតាមទំហំអានុភាព នៃប្រភពថាមពលរបស់កម្ពុជា ចំណែកអានុភាពនៃប្រភពថាមពលកកើតឡើងវិញ គឺមានរហូតដល់៥៥ភាគរយ នៃអានុភាពតម្លើងសរុប”។

សម្ដេចតេជោបានបន្ថែមថា “សម្រាប់ទិសដៅទៅមុខ កម្ពុជានឹងបន្តជំរុញការយកចិត្តទុកដាក់លើការអភិវឌ្ឍប្រសិទ្ធភាពថាមពល និងថាមពលកកើតឡើងវិញឱ្យបានជាអតិបរមា និងជាបន្តបន្ទាប់ទៅតាមលទ្ធភាពទទួលបាន របស់ប្រព័ន្ធផ្គត់ផ្គង់ថាមពលកម្ពុជា ជាមួយនឹងការកាត់បន្ថយការអភិវឌ្ឍគម្រោងប្រភពថាមពល ដែលប្រើប្រាស់ឥន្ធនៈហ្វូស៊ីល ដែលមានធ្យូងថ្ម និងប្រេង ជាដើម”។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដើម្បីសម្រេចទិសដៅនេះ កម្ពុជាបាននិងកំពុងសហការជាមួយដៃគូអភិវឌ្ឍនានា ក្នុងការសិក្សា និងរៀបចំផែនការមេអភិវឌ្ឍន៍វិស័យថាមពលកម្ពុជា រហូតដល់ឆ្នាំ២០៤០ គោលនយោបាយជាតិស្ដីពីប្រសិទ្ធភាពថាមពល ផែនដីបង្ហាញផ្លូវស្ដីពីការអភិវឌ្ឍអន្តរកាលថាមពលស្អាតឆ្ពោះទៅអព្យាក្រឹត្យភាពកាបូន និងគោលនយោបាយអភិវឌ្ឍន៍ថាមពលពន្លឺព្រះអាទិត្យលើដំបូលនៅកម្ពុជា៕
