ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ ការអភិវឌ្ឍទីតាំងលក់រាយនៅប៉ែកខាងត្បូង រាជធានីភ្នំពេញក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ត្រូវបានមើលឃើញថា មានការផ្គត់ផ្គង់ច្រើន ដែលអាចរំពឹងថានឹងលើសពីតម្រូវការ នៅពេលខាងមុខនេះ ខណៈផ្សារទំនើបធំៗពីរ នឹងដាក់ដំណើរការក្នុងឆ្នាំ២០២២នេះ។
ផ្សារទើបធំៗពីរ ដែលបាននិងកំពុងត្រៀមដាក់ដំណើរការ នៅក្នុងឆ្នាំ២០២២នេះ រួមមាន ផ្សារទំនើបជីបម៉ុងមេហ្កាម៉ល ដែលជាផ្សារទំនើបធំជាងគេនៅកម្ពុជា ផ្សារទំនើបអ៊ីអនមានជ័យ ឬអ៊ីអនទី៣ នៅផ្លូវ៦០ម៉ែត្រក៏នឹងដាក់ដំណើរការ នៅចុងឆ្នាំ២០២២នេះផងដែរ ដែលផ្សារទំនើបទាំងពីរនេះ នឹងអាចផ្គត់ផ្គង់លក់រាយនៅប៉ែកខាងត្បូងកាន់តែច្រើន ។
-->

អ្នកនាងជិន ដាលុច្សប្រធានផ្នែកវាយតម្លៃ នៃក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia បានលើកឡើងថា ផ្សារទំនើបទាំងពីរនៅប៉ែកខាងត្បូងភ្នំពេញ នឹងអាចធ្វើឱ្យការផ្គត់ផ្គង់កន្លែងលក់រាយ នៅតំបន់នោះកាន់តែច្រើនហើយក៏អាចនឹងធ្វើឱ្យផ្សារទំនើបៗតូចៗ នៅតំបន់នោះប្រឈមនឹងបញ្ហាផងដែរ បើសិនជាម្ចាស់ផ្សារមិនមានអ្វីកែប្រែនោះ។

អ្នកនាងបន្តថា “ផ្សារទំនើបទាំងពីរដលបើកដំណើរការ នៅចុងឆ្នាំ២០២២នេះ សុទ្ធសឹងតែជាផ្សារទំនើបធំ។ ដូច្នេះសម្រាប់វិនិយោគិនដែលមានបំណង ក្នុងការបណ្ដាក់ទុនវិនិយោគលើផ្សារទំនើបទៀតនោះ មិនគួរធ្វើនោះទេនៅពេលនេះ”។ អ្នកនាងបន្តថា “ទីតាំងលក់រាយនៅក្នុងរាជធានីភ្នំពេញមានច្រើនហើយ ដូច្នេះសម្រាប់ផ្សារដែលមានស្រាប់ គួរកែប្រែនិងធ្វើយ៉ាងណាទាក់ទាញ ឱ្យមានអតិថិជនច្រើនឡើងវិញទើបប្រសើរ”។
ជាមួយគ្នានេះ អ្នកស្រីអាន សុធីតាក៏បានលើកឡើងផងដែរថា នៅក្នុងប្រទេសម្ពុជាជាពិសេសនៅ រាជធានីភ្នំពេញផ្សារទំនើបមានច្រើន មានខ្លះក៏ដំណើរការបានល្អខ្លះដំណើរការ បានតែមួយភ្លេតក៏បាត់ទៅវិញ។ ទាំងនេះវាមានកត្តាច្រើន ដែលធ្វើឱ្យផ្សារទំនើបខ្លះ មិនសូវមានការគាំទ្រពីប្រជាពលរដ្ឋ ។

អ្នកស្រីបន្តថា កត្តារួមផ្សំមានដូចជាទីតាំងមិនអំណោយផល មិនមានចំណតយានយន្តគ្រប់គ្រាន់ មិនមានការរចនាខាងក្នុង ដើម្បីទាក់ទាញអតិថិជនឬមិនមានទំនិញ ដែលអតិថិជនចង់បានជាដើម ។ សម្រាប់ផ្សារទំនើបទាំងពីរនៅប៉ែកខាងត្បូង ថ្វីត្បិតតែអាចនឹងលើសតម្រូវការមែននោះ តែម្ចាស់ផ្សារទំនើបទាំងពីរនេះ សុទ្ធតែជាអ្នកដែលមានបទពិសោធន៍គ្រប់គ្រាន់ក្នុងវិស័យនេះ។ ដូច្នេះពួកគាត់ប្រហែលជាយុទ្ធសាស្ត្ររួចហើយ ក្នុងការបន្តដំណើរនិរន្តភាពផ្សារទំនើបរបស់ពួកគាត់។
ជាមួយនឹងកំណើនផ្សារទំនើប នៅរាជធានីភ្នំពេញ និងភាគខាងត្បូងកើនឡើង បានធ្វើឲ្យផ្សារមួយចំនួនប្រឈមមុខនឹងការបិទទ្វារផងដែរ។
ជាក់ស្តែង ដូចជា ផ្សារទំនើបWB ARENAដែលវិនិយោគដោយក្រុមហ៊ុនWorldBridge Groupបានជួលផលលំបាកផងដែរ ដោយសារចំនួនស្តង់ផ្សារនេះ ប្រមាណ៨០ភាគរយបានបិទទ្វារ ដែលបច្ចុប្បន្ននេះមានស្តង់ស្ថិតនៅជាប់នឹងផ្លូវជាតិលេខ២ប៉ុណ្ណោះ បានបើកដំណើរការ និងស្តង់មួយចំនួនបានបិទទ្វារផងដែរ៕