សង្កាត់ហាងកាហ្វេដ៏ល្បីល្បាញដែលស្ថិតនៅសងខាងផ្លូវរថភ្លើងក្នុងក្រុងហាណូយ ត្រូវបានបញ្ជាឱ្យបិទជាអចិន្ត្រៃយ៍

0

ដោយៈ សុខុម

ហាណូយ: សង្កាត់ហាងកាហ្វេមួយ ដែលស្ថិតនៅបណ្ដោយសងខាងផ្លូវរថភ្លើងក្នុងក្រុងហាណូយ ប្រទេសវៀតណាម គឺជាតំបន់ទេសចរណ៍ដ៏ពេ​ញនិយមបំផុតមួយ និងមានឈ្មោះល្បីល្បាញយ៉ាងខ្លាំង ប៉ុន្តែពេលនេះត្រូវអាជ្ញាធរ ចុះបង្ក្រាបទ្រង់ទ្រាយធំជាថ្មីម្ដងទៀត និងបញ្ជាឱ្យបិទជាអចិន្ត្រៃយ៍។

សង្កាត់ហាងកាហ្វេដែលមានផ្ទះ និងអាជីវកម្មបើកព្រោងព្រាត ជាពិសេសហាងកាហ្វេ ដែលឃ្លាតឆ្ងាយពីផ្លូវដែក ត្រឹមតែប៉ុន្មានសង់ទីម៉ែត្រនេះ គឺជាតំបន់ទេសចរណ៍ដ៏ពេញនិយមបំផុតមួយ នៅក្នុងទីក្រុងហាណូយ តាំងពីយូរយារណាស់មកហើយ និងត្រូវបានគេបង្ហោះព្រោងព្រាតជាញឹកញាប់តាមបណ្តាញទំនាក់ទំនងសង្គម។

ទោះជាយ៉ាងណា វាក៏មានគ្រោះថ្នាក់ខ្លាំងណាស់ដែរ ដោយសារវានៅកៀកខ្លាំងពេក នឹងផ្លូវដែក ដែលមានរថភ្លើងបើកឆ្លងកាត់ទៅមក។ ផ្លូវរថភ្លើងនៅដំណើរការនៅឡើយ។ ដូច្នេះហើយវាបង្កបញ្ហាអសន្តិសុខយ៉ាងខ្លាំងដល់ភ្ញៀវទេសចរដែលចូលចិត្តទៅអង្គុយ ដេកលេង និងឈរថតរូបលើផ្លូវដែកនេះ។

ដោយសារអត់ទ្រាំនឹងឈរមើលឃើញ ស្ថានភាពគ្រោះថ្នាក់បែបនេះតទៅទៀតលែងបាន រដ្ឋបាលក្រុងហាណូយ ពេលនេះបានប្រើធម៌ក្ដៅវិញម្ដង ក្រោយពីប្រើធម៌ត្រជាក់មិនបានផល ដោយបញ្ជាឱ្យដកហូតអាជ្ញាប័ណ្ណទាំងអស់ដែលផ្ដល់ឱ្យហាងកាហ្វេ និងអាជីវកម្មនានាដែលប្រកបរបរទទួលទាននៅតាមបណ្ដោយផ្លូវដែកនេះ។

ជាវិធានការ អាជ្ញាធរបានទុកឱសានវាទដល់ថ្ងៃ១៧ ខែកញ្ញា ដើម្បីបិទអាជីវកម្មរបស់ពួកគេជាអចិន្ត្រៃយ៍។

សារព័ត៌មានក្នុងស្រុក Vietnam News បានចុះផ្សាយថា បន្ថែមពីលើនេះ របាំងការពារក៏ត្រូវបានដំឡើងផងដែរ ដើម្បីរាំងកុំឱ្យភ្ញៀវទេសចរចូលទៅកាន់សង្កាត់ហាងកាហ្វេនេះតទៅទៀត៕ Vietnam News៕

LEAVE A REPLY

Please enter your comment!
Please enter your name here