សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យអាស៊ាន-ចិនកាត់បន្ថយរបាំងពាណិជ្ជកម្ម ដើម្បីពង្រីកវិសាលភាពកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

0

ដោយ៖ សុផារី

 

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន បានជំរុញឱ្យអាស៊ាន និងចិន ពង្រីកវិសាលភាពកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឱ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅថែមទៀត ជាពិសេសត្រូវផ្តោតលើការកាត់បន្ថយរបាំងពាណិជ្ជកម្មទំនិញ សេវាកម្ម និងការវិនិយោគនានា។

សំណើរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងសុន្ទរកថាថ្លែងបើកពិព័រណ៍ចិន-អាស៊ាន លើកទី១៩ តាមប្រព័ន្ធវិដេអូ។ ពិព័រណ៍ចិន-អាស៊ានឆ្នាំ២០២២នេះ ធ្វើឡើងក្រោមប្រធានបទ “ការចែករំលែកកាលានុវត្តភាពថ្មី ដែលទទួលបានពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ តំបន់ (អាសិប) ដើម្បីស្ថាបនាតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន ទម្រង់ថ្មី ៣.០”។

ក្នុងសុន្ទរកថាថ្លែងបើកពិព័រណ៍នេះ សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ាន និងចិន សម្រេចបាននូវសមិទ្ធផលប្រកបដោយផ្លែផ្កាជាច្រើនចាប់តាំងពីការចុះហត្ថលេខាលើក្របខណ្ឌ កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគ្រប់ ជ្រុងជ្រោយរវាងអាស៊ាន និងចិន ក្នុងឆ្នាំ២០០២ និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងវិនិយោគនានា។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា អាស៊ាន និងចិន ត្រូវផ្តោតការយកចិត្តទុកដាក់បន្ថែមលើការពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងអាស៊ាន និងចិន ឱ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅបន្ថែមទៀត ដោយផ្តោតលើការកាត់បន្ថយរបាំងពាណិជ្ជកម្ម ទំនិញ សេវាកម្ម និងវិនិយោគនានា។ បន្ថែមពីលើនោះ ត្រូវជំរុញកិច្ចអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល កំណើនបៃតង និងការបង្កើនសមត្ថភាពសហគ្រាសធុនតូច និងមធ្យម (SMEs)៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here