សម្តេចតេជោ៖ កិច្ចព្រមព្រៀងអាសិបនឹងក្លាយជា “ក្របខណ្ឌស្នូល” ស្ថាបនាតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិនទម្រង់៣.០

0

ដោយ៖ សុផារី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន បានមានប្រសាសន៍ថា កិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) នឹងនាំមកនូវកាលានុវត្តភាពពាណិជ្ជកម្ម និងវិនិយោគ ហើយនឹងក្លាយជា “ក្របខណ្ឌស្នូល” សម្រាប់ការស្ថាបនាតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន ទម្រង់ ៣.០ នាពេលខាងមុខ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងក្នុងសុន្ទរកថាថ្លែងបើកពិព័រណ៍ចិន-អាស៊ាន លើកទី១៩ តាមប្រព័ន្ធវិដេអូ ក្រោមប្រធានបទ “ការចែករំលែកកាលានុវត្តភាពថ្មី ដែលទទួលបានពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់  ដើម្បីស្ថាបនាតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន ទម្រង់ថ្មី ៣.០”។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការចាប់ផ្តើមអនុវត្តកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ក្នុងឆ្នាំ២០២២នេះ នឹងនាំមកនូវកាលានុវត្តភាពពាណិជ្ជកម្ម និងវិនិយោគជាច្រើន សម្រាប់ប្រទេសក្នុងតំបន់ និងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកស្ទួយដល់ការលូតលាស់សេដ្ឋកិច្ច ជាពិសេស នឹងក្លាយជា “ក្របខណ្ឌស្នូល” សម្រាប់ការស្ថាបនាតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន ទម្រង់ ៣.០ នាពេលខាងមុខផងដែរ។

ក្នុងនាមជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កម្ពុជា នឹងខិតខំបន្តពង្រឹងកិច្ចសហការអាស៊ានជាមួយប្រទេសចិន ឱ្យកាន់តែប្រសើរឡើង ដើម្បីធានានូវចីរភាព បរិយាប័ន្ន និងភាពធន់ នៃកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចក្នុងតំបន់ទាំងពីរ។

សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជាជាមួយការសម្រេចបាននូវ “ភាពស៊ាំសហគមន៍រឹងមាំ” រាជរដ្ឋាភិបាលបានបើកប្រទេស និងដំណើរការឡើងវិញនូវរាល់សកម្មភាពផលិតកម្ម ធុរកិច្ច និងពាណិជ្ជកម្មទាំងអស់ក្នុងស្រុក ចាប់តាំងពីចុងឆ្នាំ២០២១មក។

សម្តេចបន្តថា ក្នុងរយៈពេលជាងពីរឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងដោះស្រាយបញ្ហាជារចនាសម្ព័ន្ធ និងដាក់ចេញឱ្យអនុវត្តនូវកម្មវិធីកែទម្រង់ជាបន្តបន្ទាប់ តាមរយៈការដាក់ឱ្យអនុវត្តនូវ “ច្បាប់ស្តីពីវិនិយោគថ្មី” “ក្របខណ្ឌគោលនយោបាយសង្គម-សេដ្ឋកិច្ចឌីជីថលកម្ពុជា ២០២១-២០៣៥” និង “ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១-២០២៣” និងការសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កម្ពុជា-កូរ៉េ ។ល។ សំដៅជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា។

សម្តេចតេជោក៏បានជំរុញឱ្យអាស៊ាន និងចិន ពង្រីកវីសាលភាពកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឱ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅថែមទៀត ជាពិសេសត្រូវផ្តោតលើការកាត់បន្ថយរបាំងពាណិជ្ជកម្មទំនិញ សេវាកម្ម និង ការវិនិយោគនានាផងដែរ។

អាស៊ាន-ចិន គឺជាដៃគូពាណិជ្ជកម្មដ៏ធំមួយនៅក្នុងតំបន់។ ក្នុងឆ្នាំ២០២១កន្លងទៅនេះ ទំហំពាណិជ្ជកម្មរវាងអាស៊ាន និងចិន មានរហូតដល់ទៅជិត៩ពាន់លានដុល្លារអាមេរិក។ ក្នុងនោះ ចិននាំទៅអាស៊ានមានជិត៥ពាន់លានដុល្លារអាមេរិក និងនាំចូលពីអាស៊ាន ជិត៤ពាន់លានដុល្លារអាមេរិក។ ដោយឡែក ការវិនិយោគរបស់ចិននៅអាស៊ាន មានជាង១៤ពាន់លានដុល្លារ ហើយការវិនិយោគរបស់អាស៊ាន នៅក្នុងប្រទេសចិនវិញ មានជាង១០ពាន់លានដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here