អូស្ត្រាលីផ្តល់ថវិកា៨៧លានដុល្លារអូស្ត្រាលីដល់កម្ពុជា សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់

0

ដោយ: សុផារី

ភ្នំពេញ៖ អូស្ត្រាលីបានផ្តល់ជំនួយកញ្ចប់ថវិកាសរុប៨៧លានដុល្លារអូស្ត្រាលី ឬស្មើនឹងជាង៥៨លានដុល្លារអាមេរិក ដល់កម្ពុជា អនុវត្តកម្មវិធីអភិវឌ្ឍន៍ថ្មីមួយ ដើម្បីបន្តជួយដល់គ្រួសារងាយរងគ្រោះនៅជនបទបន្ទាប់ពីរងនូវវិបត្តិជំងឺកូវីដ១៩ សម្រាប់ប្រតិបត្តិការរយៈពេល៥ឆ្នាំ។

ការបើកដំណើរការកម្មវិធី ភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ Cambodia Australia Partnership for Resilient Economic Development  (CAP-RED) មានការចូលរួមពីលោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក ព្រឹទ្ធសមាជិក Tim Ayres ឧបការីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាឧបការីរដ្ឋមន្ត្រីក្រសួងផលិតកម្មរបស់អូស្ត្រាលី។

លោក Tim Ayres បានមានប្រសាសន៍ថា “ឆ្នាំនេះជាខួបទី៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងអូស្ត្រាលី ហើយកម្មវិធី CAP-RED ជាភស្តុតាងរឹតតែច្បាស់ បន្ថែមទៀតនៃភាពជាដៃគូដ៏យូរអង្វែងនៃប្រទេសកម្ពុជា-អូស្រ្តាលី ។ តាមរយៈកម្មវិធីនេះ អ្នកជំនាញអូស្រ្តាលី និងចែករំលែកចំណេះដឹង និងជំនាញ ជាមួយសមភាគីកម្ពុជា ដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ ការវិនិយោគ ផលិតភាព និងពាណិជ្ជកម្ម”។

លោក Tim Ayres បន្តថា កម្មវិធីនេះផ្តោតសំខាន់ទៅលើវិស័យចំនួនបី ដើម្បីជំរុញកំណើនសេវាហេដ្ឋារចនាសម្ព័ន្ធ កសិកម្មនិងកសិ-កែច្នៃ ព្រមទាំងការអភិវឌ្ឍ ពាណិជ្ជកម្ម ការវិនិយោគ និងសហគ្រាស។ កម្មវិធីនេះនឹងផ្តោតសំខាន់ខ្លាំងលើ ការចែករំលែកការស្រាវជ្រាវ និងចំណេះដឹង ព្រមទាំងផ្តោតលើ សមភាពយេនឌ័រ ពិការភាព និងបរិយាប័ន្នសង្គម ផងដែរ។

លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា “កម្មវិធី CAP-RED ជាការរួមចំណែកយ៉ាងសំខាន់ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជា ដែលគាំទ្រដល់ការស្តារឡើងវិញ ភាពធន់ និងកំណែទម្រង់។ កម្មវិធីនេះនឹងលើកទឹកចិត្តដល់ការវិនិយោគសាធារណៈ និងឯកជន ប្រកបដោយបរិយាបន្ន ដើម្បីជួយជំរុញសេដ្ឋកិច្ចឱ្យកាន់តែមានភាពចម្រុះ និងបរិយាប័ន្ន។

កម្មវិធីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAP-RED) ត្រូវបានបង្កើតឡើង ដើម្បីជួយសេដ្ឋកិច្ចកម្ពុជា និងស្តារឡើងវិញបន្ទាប់ពីជំងឺកូវីដ-១៩ ហើយកម្មវិធីនេះ នឹងជួយដល់រាជរដ្ឋាភិបាលកម្ពុជា និងសមភាគីពាក់ព័ន្ធផ្សេងៗទៀត បង្កើតគោលនយោបាយនានា ដែលជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយ បរិយាប័ន្ន ភាពធន់ និងនិរន្តរភាព។ កម្មវិធីនេះបានផ្តោតសំខាន់ចំពោះ ស្ត្រី កុមារ កុមារី មនុស្សចាស់ ជនមានពិការភាព និងក្រុមងាយរងគ្រោះ ឱ្យមានជីវភាពប្រសើរឡើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here