ក្រុមហ៊ុនRoyal Railwaysរបស់អ្នកឧកញ៉ាគិត ម៉េងនឹងបោះផ្សាយលក់មូលបត្រនាពេលខាងមុខ

0

ដោយៈ វិវត្តន៍

       ភ្នំពេញៈ ក្រុមហ៊ុនRoyal Railways របស់អ្នកឧកញ៉ាគិត ម៉េងនឹងបោះលក់ប័ណ្ណបំណុលនាពេលខាងមុខនេះ បន្ទាប់ពីទទួលបានការអនុម័ត​យល់ព្រមពីនិយ័តករមូលបត្រកម្ពុជា។

យោងតាមសេចក្តីប្រកាសព៌តមាន របស់់និយ័តករមូលបត្រកម្ពុជា ដែលបានចេញផ្សាយកាលពីថ្ងៃទី១៩ កញ្ញាកន្លងមកបានឲ្យដឹងថា ការអនុញ្ញាតឱ្យក្រុមហ៊ុន រ៉ូយ៉ាល់ វេលវេ បោះផ្សាយមូលបត្រលក់ជាផ្លូវការនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំ កិច្ចប្រជុំក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុ មិនមែនធនាគារ ( អ. ស. ហ.) លើកទី១០ ក្រោមអធិបតីភាពរបស់អគ្គបណ្ឌិតសភាចារ្យអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សា អ. ស. ហ លើរបៀបវារៈចំនួន ៧ និងមានការចូលរួមពីលោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២។

សេចក្តីប្រកាសព័ត៌មានដដែលបានបន្តថា បន្ទាប់ពីការធ្វើបទបង្ហាញជូនអង្គប្រជុំរួចមក អង្គប្រជុំបានពិភាក្សាផ្លាស់ប្ដូរយោបល់ ​ទាំងកម្រិតបច្ចេក​ទេស និងគោលនយោបាយ លើឯកសារដែលរៀបចំដោយមន្ត្រីជំនាញ។ ជាលទ្ធផល ក្រុមប្រឹក្សា អ.ស.ហ. បានផ្តល់ការអនុញ្ញាតជាគោលការណ៍ លើសំណើសុំបោះ​ផ្សាយលក់មូលបត្របំណុល ជាសាធារណៈរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ វេលវេ ម.ក ដោយក្រុមហ៊ុនត្រូវបន្តបំពេញនីតិវិធី ជាផ្លូវការលើការបោះផ្សាយនេះ តាមសេចក្តីសម្រេច​របស់​និយ័តករមូលបត្រកម្ពុជា។

ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ម.ក គឺជាក្រុមហ៊ុនទី៨ហើយ ដែលទទួលបានការអនុញ្ញាត ឱ្យបោះលក់មូលបត្របំណុល ដែលក្រុមហ៊ុននេះ គ្រោងបោះលក់មូលបត្របំណុល​តម្លៃ១០លានដុល្លារ។

ក្រុមហ៊ុន រ៉ូយ៉ាល់ វេលវេ ម.ក ជាក្រុមហ៊ុនទីមួយ ដែលទទួលបានការឯកភាព ជាគោលការណ៍លើពាក្យស្នើសុំពិនិត្យលទ្ធភាព អាចចុះបញ្ជីលក់មូលបត្រ​បំណុល នៅផ្សារមូលបត្រកម្ពុជា នៅក្នុងឆ្នាំ២០២២នេះ។

បច្ចុប្បន្នក្រុមហ៊ុនមានខ្សែរថភ្លើងពីរខ្សែ ដែលមានប្រវែងសរុប៦៥០គីឡូម៉ែត្រ ដែលខ្សែទីមួយតភ្ជាប់ពីទីក្រុងភ្នំពេញ ទៅក្រុងព្រះសីហនុ និងខ្សែទីពីរភ្ជាប់ពីទីក្រុងភ្នំពេញ ទៅក្រុងប៉ោយប៉ែត៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here