ADB ព្យាករកំណើនសេដ្ឋកិច្ចកម្ពុជានៅត្រឹម៥,៣ភាគរយក្នុងឆ្នាំ២០២២ និង៦,២ភាគរយនៅឆ្នាំ២០២៣

0

ដោយ៖ សុផារី

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរក្សាការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួន សម្រាប់ប្រទេសកម្ពុជានៅកម្រិត៥,៣% ក្នុងឆ្នាំ២០២២ ប៉ុន្តែបានបន្ទាបការព្យាករឆ្នាំ២០២៣ មកនៅត្រឹម៦,២% ពី៦,៥% ដោយសារការចុះខ្សោយនៃកំណើនសេដ្ឋកិច្ចពិភពលោក។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ ADB ដែលចេញផ្សាយនាពេលថ្មីៗនេះ។

យោងតាមការធ្វើបច្ចុប្បន្នភាពនៃទស្សនវិស័យអភិវឌ្ឍន៍អាស៊ីឆ្នាំ២០២២ (ADO 2022 Update) ចេញផ្សាយនៅថ្ងៃនេះ ការនាំចេញផលិតផលសម្លៀកបំពាក់ ទំនិញធ្វើដំណើរ និង ស្បែកជើងរបស់កម្ពុជា នៅតែរឹងមាំ ជាមួយកំណើន៣៩,៨% ក្នុងឆមាសទីមួយនៃឆ្នាំ២០២២ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន បើទោះបីជាមានការថយចុះនៃកំណើនសេដ្ឋកិច្ចសហរដ្ឋអាមេរិក និង អឺរ៉ុបក៏ដោយ។

វិស័យកម្មន្តសាលមិនមែនកាត់ដេរ បានបន្តសន្ទុះកំណើនដ៏រឹងមាំ។ វិស័យសំណង់បានងើបឡើងវិញជាបណ្តើរៗ ជាមួយការនាំចូលសម្ភារសំណង់កើនឡើង ២២,៨%។ វិស័យឧស្សាហកម្ម ត្រូវបានព្យាករថា នឹងកើនឡើង៩,១% នៅឆ្នាំនេះ មុនពេលថយមកត្រឹម៨,៦% នៅឆ្នាំ២០២៣ ដោយសារការចុះខ្សោយនៃតម្រូវការក្រៅស្រុក។

នាយិកា ADB ប្រចាំកម្ពុជា លោកស្រី Jyotsana Varma បានថ្លែងថា ការកើនឡើងនៃការនាំចេញផលិតផលកម្មន្តសាលរបស់កម្ពុជា និងការងើបឡើងវិញបន្តិចម្តងៗ ក្នុងវិស័យសំណង់ និងសេវាកម្ម បានជួយដល់កំណើនសេដ្ឋកិច្ចនៅឆ្នាំ២០២២ ទោះបីជាមានការថយចុះនៃកំណើនវិស័យកសិកម្ម ដែលបណ្តាលមកពីការកើនឡើងនៃថ្លៃប្រេងឥន្ធនៈ និងជី និងភ្លៀងធ្លាក់ខ្លាំងក៏ដោយ។

នាយិកា ADB ប្រចាំកម្ពុជា បន្ដទៀតថា “អន្តរាគមន៍សេដ្ឋកិច្ចសង្គមរបស់រាជរដ្ឋាភិបាល ដូចជាកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ បាននិងកំពុងមានប្រសិទ្ធភាព ក្នុងការកាត់បន្ថយផលប៉ះពាល់នៃការកើនឡើងថ្លៃទំនិញលើពិភពលោក សម្រាប់ពលរដ្ឋក្រីក្រ”។

របាយការណ៍ខាងលើ បានដំឡើងការព្យាករអតិផរណាឆ្នាំ២០២២ របស់កម្ពុជាទៅ៥,០% ពីការព្យាករ៤,៧% ក្នុងខែមេសា ដោយសារឥទ្ធិពលរាលដាល នៃការកើនឡើងតម្លៃប្រេងឥន្ធនៈដែលបណ្តាល មកពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ ការព្យាករអតិផរណាសម្រាប់ឆ្នាំ២០២៣ ត្រូវបានរក្សាទុកនៅ២,២%។

ហានិភ័យសម្រាប់ទស្សនវិស័យនេះរួមមាន ការលេចឡើងនៃមេរោគកូវីដ១៩ប្រភេទថ្មី និងជំងឺអុតស្វា កំណើនឆាប់រហ័សនៃកម្ចីមិនដំណើរការ កំណើនសេដ្ឋកិច្ចនៃដៃគូពាណិជ្ជកម្មសំខាន់ៗមានភាពកាន់ តែទន់ខ្សោយ ការរំខាននានាដល់ខ្សែសង្វាក់ផ្គត់ផ្គង់ជាសកល និង ការកើនឡើងនៃថ្លៃថាមពលនិងទំនិញ នានាដែលអាចអាក្រក់ជាងការរំពឹងទុក។

ការគាំទ្ររបស់ ADB ដល់កម្ពុជា គឺស្របទៅនឹងអាទិភាពកំណើនរបស់រាជរដ្ឋាភិបាល។ បច្ចុប្បន្ន ADB កំពុងអនុវត្តគម្រោងវិនិយោគដែលមានទឹកប្រាក់២,៤៣ ពាន់លានដុល្លារនៅកម្ពុជា។ នៅឆ្នាំ២០២១ ADB បានសន្យាផ្តល់ប្រាក់កម្ចី និងជំនួយសម្រាប់ស្ថាប័នរដ្ឋចំនួន៣២៧,១លានដុល្លារ ហើយបានកៀគរបន្ថែម៥លានដុល្លារ តាមរយៈសហហិរញ្ញប្បទានសម្រាប់កម្ពុជា។

ប្រាក់កម្ចីត្រៀមរបស់ ADB សម្រាប់កម្ពុជាឆ្នាំ២០២២-២០២៥ រួមមានការផ្តល់កម្ចីសម្បទានចំនួន១,១៧ពាន់លានដុល្លារ និង ជំនួយចំនួន៤៣,៩លានដុល្លារ ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេស និងការស្តារឡើងវិញ ពីជំងឺរាតត្បាតកូវីដ-១៩៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here