បារាំងសន្យាបន្តផ្តល់ឥណទានសម្បទានប្រចាំឆ្នាំពី១០០-១២០លានអឺរ៉ូរួមចំណែកអភិវឌ្ឍនិងស្តារសេដ្ឋកិច្ចកម្ពុជា

0

ដោយ៖ សុផារី

ភ្នំពេញ៖ នាយកទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍថ្មី ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានអះអាងថា រដ្ឋាភិបាលបារាំង នៅតែរក្សាកិច្ចសហប្រតិបត្តិការហិរញ្ញប្បទាន ក្នុងទំហំឥណទានសម្បទានប្រចាំឆ្នាំចន្លោះពី១០០-១២០លានអឺរ៉ូ សម្រាប់រួមចំណែកក្នុងការអភិវឌ្ឍ និងស្តារសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីវិបត្តិកូវីដ១៩។

នាយក AFD ថ្មី ប្រចាំតំបន់អាស៊ីអាគ្នេយ៍បានអះអាង ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន នៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២។

ជាក់ស្តែង ក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះ តាមរយៈ AFD សាធារណរដ្ឋបារាំងបានផ្តល់ហិរញ្ញប្បទានសរុបប្រមាណ៨៨៨លានអឺរ៉ូដល់កម្ពុជា។ ក្នុងនោះ ឥណទានសម្បទានចំនួន៥៣៣លានអឺរ៉ូ និងហិរញ្ញប្បទានឥតសំណងចំនួន១៧៨លានអឺរ៉ូ ដោយផ្ដោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវជនបទ ធារាសាស្រ្ត កសិកម្ម ទឹកស្អាត អគ្គិសនី អប់រំ និងសុខាភិបាល។

លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះលោក Jean-Pierre Marcelli ដែលទើបត្រូវបានតែងតាំងជានាយក AFD ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងលោកស្រី Sandrine Boucher ដែលទើបត្រូវបានតែងតាំងជានាយក AFD ប្រចាំកម្ពុជា និងមានជឿជាក់យ៉ាងមុតមាំថា កិច្ចសហការរវាងរាជរដ្ឋាភិបាលកម្ពុជា និង AFD នឹងត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរហើយនាំមកនូវលទ្ធផលប្រកបដោយផ្លែផ្កា។

លោកក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះ AFD ដែលបានចូលរួមចំណែក យ៉ាងសកម្មដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា តាមរយៈការផ្ដល់ហិរញ្ញប្បទាន ដល់គម្រោងអភិវឌ្ឍន៏របស់រាជរដ្ឋាភិបាលកម្ពុជា និងផ្ដល់ហិរញ្ញប្បទានដល់វិស័យឯកជន។

 

ហិរញ្ញប្បទានសហប្រតិបត្តិការនេះ បានឆ្លើយតបនឹងតម្រូវការនៃការអភិវឌ្ឍ និងទាន់ពេលវេលា ស្របតាមកម្មវិធី និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស បានអនុលោមទៅនឹងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ យុទ្ធសាស្រ្តចតុកោណ យុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងបំណុលសាធារណៈ ក្របខណ្ឌយុទ្ធសាស្រ្តកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ និងកម្មវិធីវិនិយោគសាធារណៈឆ្នាំរំកិល២០២២-២០២៤ ជាដើម។

លោកក៏បានគូសបញ្ជាក់ថា ទោះបីកម្ពុជាទទួលបាននូវជោគជ័យធំធេង នៅក្នុងសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដើម្បីការពារអាយុជីវិត និងលំនឹងជីវភាពប្រជាជន ហើយបើកប្រទេសលើគ្រប់វិស័យ ដើម្បីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញក្តី។ ប៉ុន្តែការមកដល់នៃវិបត្តិជាបន្តបន្ទាប់ទៀត ដូចជា ការកើនឡើងខ្ពស់នៃអត្រាអតិផរណា និងអត្រាការប្រាក់ ការថមថយសេដ្ឋកិច្ចនៅប្រទេសអភិវឌ្ឍ និងប្រទេសចិន និងវិបត្តិសង្គ្រាមនៅអ៊ុយក្រែន ព្រមទាំងបញ្ហាភូមិសាស្រ្តនយោបាយក្នុងតំបន់ និងអន្តរជាតិ បាន និងកំពុងបង្កផលប៉ះពាល់អវិជ្ជមាន ដល់កិច្ចដំណើរការស្តារ និងជំរុញ កំណើនសេដ្ឋកិច្ចឡើងវិញរបស់កម្ពុជា ក៏ដូចជាការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកទាំងមូល។

ចំពោះមុខ រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តជំរុញការធ្វើកំណែទម្រង់រចនាសម្ព័ន្ធ ដោយផ្តោតលើវិស័យអាទិភាពនានា ដូចជា ឡូជីស្ទីក ថាមពល ជំនាញឌីជីថល សហគ្រាសធុនតូច និងមធ្យម និងកិច្ច សម្រួលពាណិជ្ជកម្ម ព្រមទាំងការកែលម្អបរិយាកាសវិនិយោគ និងធុរកិច្ច ដើម្បីជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច ការទ្រទ្រង់កំណើន និងការលើកកម្ពស់ភាពប្រកួតប្រជែង ព្រមទាំងការជំរុញការនាំចេញ ទាំងក្នុងក្របខណ្ឌកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគី ក៏ដូចជាទាំងក្នុងនិន្នាការនៃការផ្លាស់ទីតាំងវិនិយោគ (Investment Relocation) នៅក្នុងតំបន់ផងដែរ។

លោក Jean-Pierre Marcelli បានសម្តែងនូវអំណរសាទរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលសម្រេចបានលទ្ធផលដ៏ត្រចះត្រចង់ ក្នុងការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងទទួលបានកំណើនសេដ្ឋកិច្ច គួរឱ្យកត់សម្គាល់ ក្នុងបរិការណ៍ដែលពិភពលោកកំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ច ដែលបណ្ដាលមកពីការរីករាលដាលនៃជំងឺកូវីដ១៩ និងសង្រ្គាមរវាងរុស្សីនិងអ៊ុយក្រែន។

លោក Jean-Pierre Marcelli បានវាយតម្លៃខ្ពស់ចំពោះ រាជរដ្ឋាភិបាលកម្ពុជា ដែលបានគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩ យ៉ាងមានប្រសិទ្ធភាព និង ចាប់ផ្ដើមបើកប្រទេស និងសេដ្ឋកិច្ច ឡើងវិញយ៉ាងឆាប់រហ័ស និងបានគូសបញ្ជាក់ផងដែរថា AFD នឹងបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដោយសន្យាបង្កើនទំហំហិរញ្ញប្បទានសហប្រតិបត្តិការសម្រាប់កម្ពុជាឱ្យស្របទៅនឹងបរិការណ៍បច្ចុប្បន្ន ។

ក្នុងភាពជាដៃគូអភិវឌ្ឍន៍ លោក Jean-Pierre Marcelli បានគួសបញ្ជាក់ថា រដ្ឋាភិបាលបារាំង នៅតែរក្សាកិច្ច សហប្រតិបត្តិការហិរញ្ញប្បទានក្នុងទំហំឥណទានសម្បទានប្រចាំឆ្នាំចន្លោះពី១០០-១២០ លានអឺរ៉ូ សម្រាប់រួមចំណែកក្នុងការអភិវឌ្ឍ និងស្តារសេដ្ឋកិច្ចកម្ពុជាបន្ទាប់ពីវិបត្តិកូវីដ-១៩ ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ របស់កម្ពុជា និងយុទ្ធសាស្ត្ររបស់ AFD (Country Strategy 2022-2026) ដែលផ្តោតទៅលើគោលដៅសំខាន់បី ១. ការអភិវឌ្ឍដែលបន្សាំទៅនឹងបម្រែបម្រួលអាកាសធាតុ និងកាត់បន្ថយការបំភាយឧស្ម័នកាបូន ២. ការចូលរួមបង្កើត ការងារ និងកំណើនសេដ្ឋកិច្ច និង ៣. ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព និងអភិបាលកិច្ចល្អ៕

LEAVE A REPLY

Please enter your comment!
Please enter your name here