ក្រសួងស្នើឲ្យ ABA បន្តគាំទ្រនិងសហការអភិវឌ្ឍនិងប្រើប្រាស់ថ្នាលគ្រឹះឌីជីថលជាមួយមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មីតេជោ

0

ដោយ៖ សូរិយា

ភ្នំពេញ៖ លោក អូន ព័ន្ធមុនីរ័ត្ន បានស្នើឲ្យធនាគារ ABA បន្តគាំទ្រនិងសហការយ៉ាងជិតស្និទ្ធិបន្ថែមទៀត ជាមួយមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មីតេជោ ក្នុងការចូលរួមគាំទ្រសហការរៀបចំអភិវឌ្ឍ និងប្រើប្រាស់ថ្នាលគ្រឹះឌីជីថលកម្ពុជា រួមមានថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDX) ថ្នាល CamDigiKey និងថ្នាល CamDigiPay ផងដែរ។

លោកបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ បានទទួលជួប និងពិភាក្សាការងារជាមួយគណៈប្រតិភូធនាគារវឌ្ឍនៈអាស៊ីចំកាត់ ហៅកាត់ថាធនាគារ ABA ដែលដឹកនាំដោយលោក Yves Jacquot ប្រធានក្រុមប្រឹក្សាភិបាលរបស់ធនាគារ ABA អមដំណើរដោយលោក Madi Akmambet អភិបាលប្រតិបត្តិធនាគារ ABA លោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA Dominic Jacques នាយករងផ្នែកអភិវឌ្ឍអន្តររជាតិ នៃធនាគារជាតិកាណាដា និងលោកស្រី ធាម រមណីយ នាយិកាទំនាក់ទំនងគូភាគី និងជាប្រធានគ្រប់គ្រងតំបន់ធនាគារ ABA។

លោកបានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ ដោយបានកោតសរសើរ និងថ្លែងអំណរគុណដល់ធនាគារ ABA ដែលបានចូលរួមយ៉ាងសកម្ម លើការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅកម្ពុជា និងបានណែនាំប្រជាជនកម្ពុជានូវផលិតផល និងសេវាកម្មឌីជីថលថ្មីៗ ប្រកបដោយនវានុវត្តន៍ សំដៅជំរុញវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជាទៅមុខមួយកម្រិតទៀត។

លោកបណ្ឌិតបានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការរវាងមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” សេនាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយនិងធនាគារ ABA នាពេលកន្លងមក ដែលបានឆ្លុះបញ្ចាំងតាមរយៈអនុស្សរណៈយោគយល់គ្នារវាងស្ថាប័នទាំងពីរ និងក្នុងកម្មវិធីផ្សេងៗទៀត ក្នុងក្របខណ្ឌធុរកិច្ចថ្មីបច្ចេកវិទ្យា បច្ចេកវិទ្យាហិរញ្ញវត្ថុ និងថ្នាលគ្រឹះឌីជីថល​។

ឆ្លៀតក្នុងឱកាសនេះ អគ្គបណ្ឌិតសភាចារ្យក៏បានស្នើធនាគារ ABA បន្តផ្ដល់ការគាំទ្រ និងសហការយ៉ាងជិតស្និទ្ធិបន្ថែមទៀត ជាមួយមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” ក្នុងការចូលរួមគាំទ្រសហការរៀបចំអភិវឌ្ឍ និងប្រើប្រាស់ថ្នាលគ្រឹះឌីជីថលកម្ពុជា រួមមានថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDX) ថ្នាល CamDigiKey និងថ្នាល CamDigiPay ផងដែរ។

លោក Yves Jacquot ក៏បានថ្លែងអំណរគុណដល់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ដែលបានផ្ដល់ការអនុញ្ញាតដល់គណៈប្រតិភូធនាគារ ABA ចូលសម្ដែងការគួរសម។

លោកបានបន្ថែមថា ធនាគារ ABA កន្លងមកធ្លាប់បានធ្វើការជាមួយមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” រួចមកហើយ និងនៅតែបន្តធ្វើការជាមួយគ្នាបន្តទៀត តបតាមការស្នើសុំរបស់អគ្គបណ្ឌិតសភាចារ្យ ដែលក្នុងនោះរួមមានទាំងការគាំទ្រជាថវិកា មិនមែនថវិកា និងធនធានមនុស្ស (Mentors) ផ្ដួចផ្ដើមបង្កើតកម្មវិធីថ្មីសម្រាប់គាំទ្រដល់ធុរកិច្ចថ្មីបច្ចេកវិទ្យា ផ្ដល់នូវបរិស្ថានសាកល្បង PayWay សម្រាប់ធុរកិច្ចថ្មីធ្វើតេស្ដសាកល្បង និងអភិវឌ្ឍផលិតផល ឬ សេវាកម្មរបស់ខ្លួន ចូលរួមប្រើប្រាស់ថ្នាលគ្រឹះឌីជីថលផ្សេងៗរបស់រាជរដ្ឋាភិបាលដែលគាំទ្រដល់វិស័យហិរញ្ញវត្ថុធនាគារ និង អភិវឌ្ឍថ្នាលគ្រឹះឌីជីថលរួមគ្នា។

លោកបានថ្លែងអំណរគុណសារជាថ្មីម្ដងទៀត ដល់ធនាគារ ABA និងសង្ឃឹមយ៉ាងមុតមាំថា ធនាគារនឹងបន្តផ្ដល់ការគាំទ្រ និងសហការផ្សេងៗទៀត ជាមួយរាជរដ្ឋាភិបាល សំដៅរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលកម្ពុជា ក្នុងក្របខណ្ឌវិស័យហិរញ្ញវត្ថុធនាគារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here