សម្តេចតេជោនឹងឡើងថ្លែងនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិនៅព្រឹកថ្ងៃនេះ

0

ដោយៈ សុផារី

សហរដ្ឋអាមេរិក: សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងឡើងថ្លែងការណ៍ នៅមហាសន្និបាតលើកទី៧៧ នៃអង្គសហប្រជាជាតិ នៅព្រឹកនេះ។

សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយបញ្ជាក់ថា សម្តេចនឹងឡើងថ្លែងការណ៍ នៅក្នុងមហាសន្និបាតលើកទី៧៧ នៃអង្គការសហប្រជាជាតិ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២។

សម័យប្រជុំលើកទី៧៧ នៃកិច្ចពិភាក្សាទូទៅ របស់មហាសន្និបាតអង្គការសហប្រជាជាតិ ក្រោមប្រធានបទ “ចំណុចរបត់សំខាន់នៃការផ្លាស់ប្ដូរមិនអាចត្រឡប់ក្រោយបាន÷ដំណោះស្រាយបរិបទកម្ម ចំពោះបញ្ហាប្រឈមប្រទាក់ក្រឡាគ្នា” ធ្វើឡើងចាប់ពីថ្ងៃទី២១ ដល់ ២៣ ខែកញ្ញា ឆ្នាំ២០២២ នៅទីក្រុងញូយ៉ក។

សម្តេចសរសេរថា “បន្ទាប់ពីជួបពិភាក្សាជាមួយអគ្គលេខាអង្គការសហប្រជាជាតិ និងជាមួយនាយកUNDP ឆ្លៀតឱកាសមកស្តាប់សេចក្តីថ្លែងការរបស់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលក្នុងមហាសន្និបាត លើកទី៧៧នៃអង្គសហប្រជាជាតិ។ សម្រាប់ខ្ញុំនឹងឡើងថ្លែងការនៅព្រឹកស្អែក ត្រូវនឹងថ្ងៃ23/9/2022″។

សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញធ្វើសេចក្តីថ្លែងការណ៍ជាតិរបស់កម្ពុជា នៅក្នុងកិច្ចពិភាក្សាទូទៅរបស់មហាសន្និបាត អង្គការសហប្រជាជាតិ។

បទអន្តរាគមន៍នេះ នឹងផ្តោតលើតួនាទីស្ថាបនារបស់កម្ពុជា ក្នុងការគាំទ្រពហុភាគីនិយម ផ្អែកលើគោលការណ៍ច្បាប់ ការរួមសហការគ្នាប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែង ផ្នែកសន្តិសុខជាសកលដែលកំពុងបន្តកើតមាន ការប្រែប្រួលអាកាសធាតុ ការពង្រឹងប្រព័ន្ធពាណិជ្ជកម្មពហុភាគី គោ​លនយោបាយឌីជីថល និងសេដ្ឋកិច្ចបៃតង ព្រមទាំងការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា និងខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ និងការរក្សាបាននូវនិរន្តរភាពនៃកំណើនសេដ្ឋកិច្ច-សង្គមយូរអង្វែង។

ក្នុងអំឡុងពេលស្នាក់នៅទីក្រុងញូយ៉ក សម្តេចតេជោនាយករដ្ឋមន្ត្រីក៏នឹងមានជំនួបបន្តបន្ទាប់គ្នា ជាមួយលោក អាន់ តូនីញ៉ូ ហ្វូទែរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកឆាលស៍ មីឆែល ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោកស្រីសេក្ខ ហាស៊ីណា នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស លោកបណ្ឌិតចូហ្សេ ម៉ានូអែល រ៉ាម៉ូស អរតា ប្រធានា​ធិបតីនៃសាធារណរដ្ឋ ប្រជាធិបតេយ្យទីម័រខាងកើត និងថ្នាក់ដឹកនាំផ្សេងទៀតផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here