ក្រុមហ៊ុនស្រាបៀរលំដាប់ពិភពលោកពង្រីកការវិនិយោគនៅកម្ពុជា

0

ដោយៈ ជេស៊ីកា

       ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកសាយ សំអាល់បានមានប្រសាសន៍ថា ការវិនិយោគរបស់ក្រុមហ៊ុនHeineken នៅកម្ពុជា គឺជាការជឿជាក់ទៅលើដំណើរកម្ពុជា និងប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តពង្រីក ការវិនិយោគនៅលើទឹកដីកម្ពុជា។

លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជា អធិបតីភាពក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការរោងចក្រថាមពលកម្តៅជីវម៉ាស របស់ក្រុមហ៊ុន Heineken ដោយមានការចូលរួមពីលោក Dolf van den Brink, ប្រធានក្រុមប្រឹក្សាប្រតិបត្តិ និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន HEINEKEN group លោកស្រី Michel de Carvalho នាយកប្រតិបត្តិនៃ Heineken Holding NV លោកស្រី Charlene L. de Carvalho-Heineken នាយិកាប្រតិបត្តិនៃ Heineken Holding NV។

លោក Jacco van der Linden ប្រធាន HEINEKEN Groupប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក លោក Samson Wong នាយកគ្រប់គ្រងនៃ HEINEKEN Cambodia និង លោក Eren Ergin, នាយកប្រតិបត្តិនៃ BECIS នៅព្រឹកថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២២ ។

លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា “ថ្ងៃនេះជាប្រវត្តិសាស្រ្ត ដែលក្រុមហ៊ុន Heineken បានឈានមួយជំហានទៀត ប្រកបដោយចក្ខុវិស័យ និង សុទិដ្ឋិនិយម តាមរយៈការពង្រីកវិសាលភាពវិនិយោគនៅកម្ពុជា”។លោកបន្តថា “ការដាក់សម្ពោធអោយប្រើប្រាស់ជាផ្លូវការ រោងចក្រថាមពលកម្តៅជីវម៉ាស ស្របពេលដែលកម្ពុជា កាលពីចុងឆ្នាំ២០២១ ក៏បានដាក់ “យុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកប ដោយអព្យាក្រឹតកាបូន” ស្របតាមការប្តេជ្ញាចិត្តដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ធ្វើឱ្យកម្ពុជា ក្លាយជាប្រទេសអភិវឌ្ឍន៍តិចតួចទីពីរ ដែលបានកំណត់គោលដៅច្បាស់លាស់ សម្រាប់អព្យាក្រឹតភាពកាបូននៅឆ្នាំ២០៥០។

លើសពីនេះរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងគិតគូរផងដែរលើការអនុវត្ដសេដ្ឋកិច្ចវិលជុំ តាមរយៈ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ការជំរុញការកែច្នៃ និងការពង្រឹងប្រសិទ្ធភាពថាមពល សំដៅលុបបំបាត់ ប្រភពបង្កើ​តសំណល់ និងកែច្នៃសំណល់ ដែលបានបង្កើតឱ្យមានតម្លៃសេដ្ឋកិច្ច ដូចជាប្រែក្លាយសំណល់ឱ្យទៅជាថាមពល ដែលអាចប្រើប្រាស់ និងផ្គត់ផ្គង់ដល់ដំណើរការខ្សែច្រវាក់ផលិតកម្មនៅក្នុងរោងចក្រ ជាដើម។

ក្នុងនាមជាដៃគូរវិនិយោគដ៏ល្អ ដែលបានជឿជាក់មកលើកម្ពុជា តាំងពីឆ្នាំ១៩៩២-៩៣មកម៉្លេះ អំឡុងពេលដែលកម្ពុជាទើបបោះឆ្នោត អាណត្តិទី១ និង លំនឹងចិត្តនៃការវិនិយោគរបស់ក្រុមហ៊ុន Heineken ដែលបានជឿជាក់លើការដឹកនាំ កសាង អភិវឌ្ឍន៍ និងការរក្សាបាននូវសុខសន្តិភាព     ស្ថេរភាពនយោបាយរបស់កម្ពុជា រហូតមកដល់បច្ចុប្បន្ននេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ សង្គម សេដ្ឋកិច្ចកម្ពុជា ជាពិសេសធ្វើអោយយុវជនកម្ពុជា បានផ្ញើរជោគវាសនាឱកាសការងារ របស់ខ្លួនទៅលើក្រុមហ៊ុន។

លោកសាយ សំអាល់បានបន្តថា បន្ទាប់ពីទស្សនកិច្ចខ្សែសង្វាក់ផលិតកម្ម ឃើញថា ក្រុមហ៊ុន Heineken បានគិតគូរពីសុវត្ថិភាព សុខភាពរបស់បុគ្គលិក និងបរិស្ថានរបស់កម្ពុជា ពិតប្រាកដមែន តាមរយៈការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ខ្សែសង្វាក់ផលិតកម្ម ស្អាត ទំនើប ធំទូលាយ និងការទុកដាក់ វេចខ្ចប់ កែច្នៃការសំនល់ប្រកប ដោយលក្ខណៈបច្ចេកទេសត្រឹមត្រូវ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here