កម្ពុជាស្នើបង់ក្លាដែសបង្កើនការនាំចេញអង្ករបន្ថែម ព្រមទាំងជំរុញឱ្យមានកិច្ចព្រមព្រៀងទីផ្សារសេរីរវាងប្រទេសទាំងពីរ

0

ដោយ៖ សុផារី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញក្រុមហ៊ុនបង់ក្លាដែស មកកាន់កម្ពុជា ដើម្បីវិនិយោគធ្វើឃ្លាំង កែច្នៃអង្ករ ជារោងម៉ាស៊ីនកិនស្រូវ ហើយនាំចេញទៅកាន់ប្រទេសបង់ក្លាដែស។ ជាពិសេស សម្តេចបានស្នើឱ្យជំរុញឲ្យមានកិច្ចព្រមព្រៀងទីផ្សារសេរីជាមួយគ្នា ដើម្បីជំរុញកំណើនពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

ក្នុងឱកាសជួបពិភាក្សាទ្វេភាគីជាមួយ លោកស្រី Sheikh HASINA នាយករដ្ឋមន្រ្តីបង់ក្លាដែស នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណលោកស្រី ដែលបានបញ្ជូនរដ្ឋមន្ត្រីការបរទេសបង់ក្លាដែស ដើម្បីចូលរួមកិច្ចប្រជុំវេទិកាតំបន់អាស៊ាន នៅរាជធានីភ្នំពេញ កាលពីដើមខែសីហាកន្លង។ ក្នុងនាមប្រធានអាស៊ាន សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណបង់ក្លាដែស ដែលបានផ្ដលវ៉ាក់សាំង covid ១៩ ដល់ប្រទេសមីយ៉ាន់ម៉ា ចំនួន១លានដូសកន្លងទៅ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងពីការនាំអង្ករចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសបង់ក្លាដែស ដែលកន្លងទៅ ក៏មានការចរចាក្នុងការទិញប្រមាណជា២០ម៉ឺនតោន ពីប្រទេសកម្ពុជា ប៉ុន្តែអ្វីដែលសម្ដេចចង់បានក្នុងកិច្ចពិភាក្សានេះ គឺធ្វើយ៉ាងណា ដើម្បីឲ្យមានការនាំអង្ករពីប្រទេសកម្ពុជា ទៅកាន់បង់ក្លាដែស ឲ្យមានស្ថេរភាព ជាពិសេស បានអញ្ជើញក្រុមហ៊ុនរបស់បង់ មកកាន់កម្ពុជា ដើម្បីវិនិយោគធ្វើឃ្លាំង កែច្នៃអង្ករ ជារោងម៉ាស៊ីនកិនស្រូវ ហើយនាំចេញទៅកាន់ប្រទេសបង់ក្លាដែស។

ជាការឆ្លើយតប លោកស្រីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា លោកជំទាវ បានស្នើឲ្យវិស័យឯកជនទៅវិនិយោគនៅប្រទេសកម្ពុជា លើវិស័យកសិកម្ម ជាពិសេស ក្នុងការនាំអង្ករចេញពីកម្ពុជា។

លោកស្រីបានជម្រាបសម្តេចតេជោថា បង់ក្លាដែសមានដីតូច ប្រជាពលរដ្ឋច្រើន មិនអំណោយផលក្នុងការធ្វើកសិកម្ម ដោយសារងាយរងគ្រោះដោយសារទឹកជំនន់ ដូច្នេះត្រូវការទិញអង្ករពីខាងក្រៅ។

តាមរយៈនេះ លោកស្រីមានប្រសាសន៍ថា យើងអាចមានកិច្ចព្រមព្រៀងជាមួយគ្នា ហើយកន្លងមកប្រទេសទាំងពីរក៏ធ្លាប់បានធ្វើកិច្ចការងារជាមួយគ្នាដែលអាចពង្រីក និងពង្រឹង ធ្វើធុរកិច្ចជាមួយគ្នាឲ្យកាន់តែច្រើន។

លោកស្រី ក៏មានបំណងចង់ជំរុញឲ្យកិច្ចព្រមព្រៀងទីផ្សារសេរី ប្រទេសទាំងពីរ ដើម្បីបង្កើនការនាំចេញ និងដើម្បីបង្កើនឱកាសបន្ថែមទៀត។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នេះគឺជាការចាំបាច់ ដែលយើងអាចចាប់ផ្ដើមការចរចាដើម្បីឲ្យមានកិច្ចព្រមព្រៀងទីផ្សារសេរីជាមួយគ្នា ដើម្បីជំរុញកំណើនពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ខណៈដែលកម្ពុជា ក៏មានកិច្ចព្រមព្រៀងទីផ្សារសេរីជាមួយចិន ជាមួយនឹងកូរ៉េផងដែរ។

សម្តេចតេជោបន្តថា តាមរយៈកិច្ចព្រមព្រៀងទីផ្សារសេរីនេះ គឺយើងអាចបង្កើនទំហំពាណិជ្ជកម្ម នៃប្រទេសទាំងពីររបស់យើង ដែលជាឱកាសសម្រាប់បង់ក្លាដែស សម្រាប់ពង្រីក និងពង្រឹងទំនាក់ទំនងជាមួយអាស៊ានផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here