ដោយ៖ សុផារី
ភ្នំពេញ៖ លោក គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន បានស្នើសុំការគាំទ្ររបស់កម្ពុជា ដល់ក្រុមហ៊ុនរបស់ជប៉ុន លើដំណើរប្រតិបត្តិការធុរកិច្ចនៅកម្ពុជា ដោយក្នុងនោះ ជប៉ុននឹងបង្កើតរោងចក្រក្រុមហ៊ុន Toyota មួយនៅក្នុងប្រទេសកម្ពុជា។
ការលើកឡើងរបស់លោក គីស៊ីដា ហ្វូមីអូ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ នៅទីក្រុងតូក្យូប្រទេសជប៉ុន មុនពេលសម្តេចតេជោធ្វើនិវត្តន៍មកកាន់ប្រទេសកម្ពុជា។
-->
លោកនាយករដ្ឋមន្ត្រីជប៉ុន ក៏បានស្នើសុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ ឱ្យបន្តគាំទ្រជប៉ុនក្នុងក្របខណ្ឌរវាងអាស៊ាន និងជប៉ុន ដោយបានថ្លែងពីការប្តេជ្ញាចិត្តខ្ពស់ ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជា ដើម្បីនាំយកនូវប្រយោជន៍ជូនប្រជាជននៃប្រទេសទាំងពីរ។
លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូមអមនាយករដ្ឋមន្ត្រី បានបញ្ជាក់ឱ្យដឹងថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញលោក គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា នៅរាជធានីភ្នំពេញ នាខែវិច្ឆិកាខាងមុខ។

សម្ដេចតេជោ ថ្លែងអំណរគុណនាយករដ្ឋមន្ត្រីជប៉ុន ដែលបានគាំទ្រកម្ពុជា ធ្វើជាប្រធានអាស៊ាន និងបានថ្លែងលើកឡើង នៅក្នុងសន្និបាតអង្គការសហប្រជាជាតិ ពាក់ព័ន្ធទៅនឹងវិភាគទានរបស់ជប៉ុន ដល់ប្រទេសកម្ពុជា ជាពិសេសនៅក្នុងក្របខណ្ឌការរក្សាសន្តិភាព របស់ប្រជាជនជប៉ុននៅកម្ពុជា។
លោកនាយករដ្ឋមន្ត្រីជប៉ុន ក៏បានថ្លែងអំណរគុណដល់សម្ដេចតេជោនាយករដ្ឋមន្ត្រី ចំពោះការអញ្ជើញលោកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ជប៉ុន និងកិច្ចប្រជុំអាស៊ីបូព៌ា នៅខែវិច្ឆិកាខាងមុខនេះនៅកម្ពុជា។ដំណើរទស្សនកិច្ចរបស់លោកមកកាន់ប្រទេសកម្ពុជា នៅខែវិច្ឆិកាឆ្នាំ២០២២ខាងមុខនេះ នឹងបន្តពង្រឹងពង្រីកប្រតិបត្តការជាមួយប្រទេសកម្ពុជា ជាពិសេសក្នុងការបង្ហាញកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ដល់ប្រជាជននៃប្រទេសទាំងពីរ។

លោកនាយករដ្ឋមន្ត្រីជប៉ុន ក៏បានថ្លែងអំណរគុណដល់សម្ដេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ដែលកន្លងមកបានទទួលនាវាជប៉ុនឱ្យចូលចតនៅកំពង់ផែខេត្តព្រះសីហនុ។ លោកក៏បានលើកអំពីការងារដែលធ្វើបន្ត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ជាពិសេសជប៉ុននឹងបង្កើតរោងចក្រក្រុមហ៊ុន Toyota នៅប្រទេសកម្ពុជា និងស្នើសុំការគាំទ្រក្រុមហ៊ុនរបស់ជប៉ុនប្រតិបត្តិការធុរកិច្ចនៅកម្ពុជា។
លោកបានបញ្ជាក់ទៀតថា ជប៉ុនពិតជាបានយកចិត្តទុកដាក់ខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការ ក្នុងក្របខណ្ឌអាស៊ាន ជាពិសេសកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត ដោយសារឆ្នាំក្រោយជាខួបលើកទី៥០ នៃកិច្ចសហប្រតិការរវាងអាស៊ានជប៉ុន។

ក្រុមហ៊ុន Toyota បានសម្រេចចិត្តវិនិយោគបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតានៅកម្ពុជា ក្នុងទុនវិនិយោគចំនួន៣៦,៧លានដុល្លារអាមេរិក ដើម្បីបំពេញតម្រូវការរថយន្តនៅកម្ពុជា។ គម្រោងវិនិយោគនេះ ត្រូវបានប្រកាសដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២។ រោងចក្រដំឡើងរថយន្តតូយ៉ូតានេះ មានទីតាំង នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ដែលអាចបង្កើតការងារបានចំនួនប្រមាណ១៥០នាក់៕