លោកបណ្ឌិតហ៊ុន ម៉ាណែតលើកឡើងពីកត្តាមូលដ្ឋានចំនួន៤ដែលធ្វើឲ្យ​ប្រទេសជាតិរីកចម្រើន

0

ដោយៈ គង់ សូរិយា

       កំពង់ចាមៈ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានលើកឡើងថា រាជរដ្ឋាភិបាលមានការយកចិត្តទុកជាអាទិភាព ចំពោះការអប់រំបណ្តុះបណ្តាលធនធានមនុស្ស ព្រោះជាគន្លឹះដែលធ្វើឲ្យប្រទេសជាតិ មានការអភិវ​ឌ្ឍរីកចម្រើន។

លោកបណ្ឌិតហ៊ុន ម៉ាណែតបានមានប្រសាសន៍បែបនេះ ក្នុងពិធីប្រគ​ល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៅសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២។

លោកបានបន្ដថា ការអភិវឌ្ឍរីកចម្រើនប្រទេសជាតិ តាមរយៈកត្តារួមផ្សំជាច្រើន រួមមាន៖ ទី១ កំណើនប្រកបដោយចីរភាព និងនិរន្តរភាព ទី២ សមត្ថភាពប្រកួតប្រជែង ក្នុងទីផ្សារសាកលភាវូបនីយកម្ម ទី៣ ការកាត់បន្ថយឆាប់រហ័ស នៃគម្លាតសេដ្ឋកិច្ច គម្លាតសមត្ថភាព និងគម្លាតខួរក្បាលជាមួយបណ្តាប្រទេសនានា និងទី៤ ភាពឯករាជ្យម្ចាស់ការ។ ដូចនេះទាម​ទារនូវការជំរុញឲ្យធនធានមនុស្ស មានគុណវុឌ្ឍិទាំងលើចំណេះដឹងទូទៅជំនាញវិជ្ជាជីវៈ កាយសម្បទាខាងក្រៅ និងបញ្ញាសម្បទាខាងក្នុង ដែលរួមទាំងគុណធម៌ និងសីលធម៌ផងដែរ។

លោកបណ្ឌិតក៏បានចូលរួមសូមអបអរសាទរ ចំពោះនិស្សិតទាំង ១,៥០០នាក់ ដែលនេះជាមោទនភាពសម្រាប់និស្សិតខ្លួនឯង បន្ទាប់ពីការតាំងចិត្តខិតខំប្រឹងប្រែង ពុះពារជម្នះឧបសគ្គគ្រប់បែបយ៉ាង ក្នុងការដុសខាត់នូវសមត្ថភាព រហូតទទួលបាននូវភាពជោគជ័យ ដូចក្នុងថ្ងៃនេះ។ ទន្ទឹមនឹងនេះ សូមសម្តែងនូវទឹកចិត្តត្រេកអរជាមួយឪពុក ម្តាយ ក្រុមគ្រួសាររបស់និស្សិតជ័យលាភីទាំងអស់ ដែលបានចូលរួមប្រកបដោយទឹកចិត្តសប្បាយរីករាយ។ នេះជាការឆ្លុះបញ្ចាំងអំពីបំណង របស់គ្រប់ក្រុមគ្រួសារ ដែលតែងចង់ឃើញបុត្រធីតារបស់ខ្លួន ទទួលបាននូវការអប់រំខ្ពង់ខ្ពស់ មានចំណេះដឹងជ្រៅជ្រះ និងជាមូលធនប្រកបដោយគុណប្រយោជន៍សម្រាប់គ្រួសារ និងសង្គមជាតិ។

លោកបណ្ឌិតហ៊ុន ម៉ាណែត បានបន្ដទៀតថា ការទទួលសញ្ញាបត្រនេះ មានន័យថា និសិ្សតជ័យលាភីទាំងអស់ បានបញ្ចប់ដំណើរជំហានមួយទៀតក្នុងជីវិត។ មេរៀនដ៏សំខាន់សម្រាប់ជំហានបន្ទាប់ទៀត ទាំងក្នុងការប្រកបការងារ និងជីវិតរស់នៅ មានដូចជា ទី១ ជោគជ័យធំកើតពីការបូករួមផ្សំចូលគ្នានៃជោគជ័យតូចៗជាច្រើន។ ក្នុងន័យនេះ ភាពជោគជ័យដែលនិស្សិតសម្រេចបាននាពេលនេះ គឺកើតចេញពីភាពជោគជ័យជាជំហានៗជាច្រើនរួមផ្សំគ្នា រាប់ចាប់តាំងពីថ្ងៃសិក្សាដំបូង មកដល់មានសមត្ថភាពពេញលេញ។

ទី២ ការតស៊ូខិតខំប្រឹងប្រែង ជាកត្តាកំណត់នូវភាពជោគជ័យ ព្រោះភាពជោគជ័យ ត្រូវការពេលវេលាទាំងក្នុងការសិក្សារៀនសូត្រ និងការអនុវត្តការងារជាក់ស្តែង។

ទី៣ ការកំណត់គោលដៅច្បាស់លាស់ នៅក្នុងរាល់សកម្មភាពការងារ និងក្នុងជីវិត ដែលនេះអាចជួយទម្លុះទម្លាយ នូវរាល់បញ្ហាប្រឈមនានា និងរក្សានូវគោលគំនិត បន្តសម្លឹងមើលទៅលទ្ធផលនាថ្ងៃអនាគត៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here