ដោយ៖ សុផារី
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជានៅតែប្រកាន់គោលនយោបាយចិនតែមួយឥតងាករេ ទោះបីកន្លងមកមានសំណើសុំបង្កើតស្ថានបេសកម្មតៃវ៉ាន់ ក្រោមហេតុផល ដើម្បីសម្រួលទៅដល់ស្ត្រីខ្មែរជាច្រើននាក់រៀបការជាមួយនឹងបុរសតៃវ៉ាន់។
ក្រោយមក សម្ដេចបានបញ្ជាឱ្យយកឯកសារសំណើរសុំបង្កើតស្ថានបេសកកម្មតៃវ៉ាន់ប្រចាំកម្ពុជាទៅដុតចោល។
-->
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងយ៉ាងនេះនៅក្នុង “វេទិកាជាតិអន្តរសាសនាប្រឆាំងការជួញដួរមនុស្ស” ក្រោមប្រធានបទ “សូមកុំយកកម្ពុជា ធ្វើជាគោលដៅប្រព្រឹត្តអំពើជួញដូរមនុស្ស” ថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា គេមិនអាចយកបញ្ហាការជួញដូរមនុស្ស ឬបញ្ហាការរៀបការក្ដី មកបង្ខំកម្ពុជាឱ្យអនុវត្តនូវនយោបាយចិនពីរបានទេ។ សម្តេចបានថ្លែងថា “មិនអាចយកបញ្ហាការជួញដូរមនុស្ស ការរៀបការដោយស្ម័គ្រចិត្តក្ដី ឬដោយបង្ខំក្ដី យកមកបង្ខំឱ្យកម្ពុជា អនុវត្តនូវគោលនយោបាយចិនពីរបានទេ។ […] កម្ពុជាទទួលដាក់នូវស្ថានទំនាក់ទំនងការទូត តែជាមួយសាធារណរដ្ឋប្រជាមានិតចិនតែប៉ុណ្ណោះ”។
សម្តេចតេជោបានបញ្ជាក់បន្ថែមថា “អ្នកកុំយកបញ្ហារឿងស្ដ្រីប៉ុន្មានរយប៉ុន្មានពាន់នាក់ យកមកបង្ខំឱ្យខ្ញុំទទួលដាក់បេសកកម្ម ដើម្បីថាមកដោះស្រាយការបញ្ជាក់ចេញពីការិយាល័យរបស់គេ នៅទីក្រុងភ្នំពេញ ដើម្បីបង្កើតភាពស្របរស់នៅតៃវ៉ាន់”៕
