ដោយ៖ សុផារី
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងផ្តាំទៅក្រុមហ៊ុនទទួលសិទ្ធិអាជីវកម្មឆ្នោតទាំងឡាយថា ប្រសិនបើបើកឱ្យមានឡូតូ និងកន្ទុយលេខ នឹងត្រូវបិទអាជីវកម្មចោលតែម្តង។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងយ៉ាងដូច្នេះនៅក្នុង “វេទិកាជាតិអន្តរសាសនាប្រឆាំងការជួញដួរមនុស្ស” ក្រោមប្រធានបទ “សូមកុំយកកម្ពុជា ធ្វើជាគោលដៅប្រព្រឹត្តអំពើជួញដូរមនុស្ស” ថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ។
-->

សម្ដេចតេជោថ្លែងថា អ្វីដែលគ្រោះថ្នាក់គឺកន្ទុយលេខ ដែលមានកន្ទុយលេខខ្មែរ ថៃ វៀតណាម ដែលសម្ដេចបានព្រមានចំពោះក្រុមហ៊ុនឆ្នោតស្របច្បាប់ប្រសិនបើបង្កើតឱ្យមានឆ្នោតឡូតូ និងកន្ទុយលេខ ប្រឈមនឹងការបិទចោលទាំងស្រុងនៅពេលខាងមុខ ព្រោះគ្មានចំណូលនោះទេ។
សម្តេចមានប្រសាសន៍បញ្ជាក់ថា “សូមផ្ដាំទៅក្រុមហ៊ុនដែលបើកឆ្នោតទាំងប៉ុន្មាន បើសិនជាឆ្នោតរបស់ខ្លួនត្រូវបានលេង ជាល្បែងកាត់កង គឺប្រឈមនឹងការបិទ ហើយការបិទលើកនេះ ខ្ញុំគិតថា បិទចោលទាំងអស់តែម្ដងកុំឱ្យមានហ្មង ប៉ុន្តែយើងរកវិធីទប់វាមិនជាប់អារឿងឆ្នោតវៀតណាម នឹងឆ្នោតថៃ”។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ល្បែងមិននាំមកនូវជោគជ័យណាមួយសម្រាប់ខ្លួនឯង និងគ្រួសារនោះទេ ហើយសំណូមពរប្រជាពលរដ្ឋឱ្យឈប់ហើយទុកថវិកាទិញសម្ភារសិក្សាឱ្យកូនទៅសាលារៀន៕
