ដោយៈ ជេស៊ីកា
ភ្នំពេញៈ មជ្ឈមណ្ឌលរថយន្ត(Cambodia Car Center)លំដាប់អន្តរជាតិ ដែលមានជាលើកដំបូងនៅកម្ពុជា ត្រៀមបង្ហាញខ្លួននៅលើមហាវិថីសម្តេចតេជោ ឬផ្លូវ៦០ម៉ែត្រនាពេលខាងមុខនេះ។
អគ្គនាយកក្រុមហ៊ុនMBT Cambodia Co, Ltd លោកខេង សុខាបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី២៩ កញ្ញានេះថា ក្រុមហ៊ុនគ្រោងចំណាយទុនវិនិយោគលើគំរោងនេះ ក្នុងទំហំទឹកប្រាក់ចន្លោះពី៤,៥ ទៅ៥លានដុល្លារអាមេរិក ដែលនេះជាមជ្ឈមណ្ឌលរថយន្តដំបូងបំផុ តនៅកម្ពុជា នឹងធ្វើឡើងតាមស្តង់ដាអន្តរជាតិ។
-->

លោកបន្តថា “មជ្ឈមណ្ឌលនេះនឹងជាកន្លែងOne Stop Service សម្រាប់រថយន្ត ដែលមានដូចជា សេវាកម្មទិញ លក់ ថែរទាំ លាងសំអាត កន្លែងបិតស្កុតរថយន្តជាដើម”។ លោកបន្តថា “អ្វីដែលពិសេស គឺមជ្ឈមណ្ឌលនេះ នឹងរៀបចំដេញថ្លៃរថយន្ត ដែលអ្នកមានបំណងលក់រថយន្តអាចយករថយន្តរបស់ខ្លួនមកដេញថ្លៃបាន ជាមួយនឹងការផ្តល់សេវាកម្មវាយតម្លៃរបស់រថយន្តពួកគេ ក្នុងភាពសុក្រិត និងសមស្របនឹងស្ថានភាពតម្លៃក្នុងទីផ្សារពិតប្រាកដ”។
មជ្ឈមណ្ឌលរថយន្តលំដាប់អន្តរជាតិនេះ ក៏មានហាងកាហ្វេ អាកហារដ្ឋាន និងការិយាល័យធ្វើការផងដែរ។ មជ្ឈមណ្ឌលនេះនឹងសាងសង់នៅលើផ្ទៃដីទំហំ២,៥ហិកតា មានទីតាំងនៅជាប់ជាមួយផ្សារទំនើបAEON Mall3 ស្ថិតនៅលើមហាវិថីសម្តេចតេជោ។

លោកខេង សុខាបានបន្តទៀតថា មជ្ឈមណ្ឌលរថយន្តនេះ ក៏នឹងផ្តល់ សេវាកម្មវាយតម្លៃ និងបង្ហាញពីព៌តមានលំអិតពីរថយន្តនិមួយៗ មុនដាក់ដេញថ្លៃប្រចាំថ្ងៃ ឬប្រចាំសប្តាហ៍នៅលើផ្ទាំងប៉ាណូ ដែលនឹងដាក់តាំងបង្ហាញនៅខាងមុខមជ្ឈមណ្ឌលនេះ ដើម្បីឲ្យសាធារណៈជនបានជ្រាបព៌តមាន និងមកចូលរួមដេញថ្លៃនៅពេលថ្ងៃដេញថ្លៃមកដល់។
លោកបន្តទៀតថា មជ្ឈមណ្ឌលរថយន្តនេះ គ្រោងនឹងបើកដំណើរការនៅចុងឆ្នាំ២០២៣ខាងមុខនេះ ស្របពេលនឹងផ្សារទំនើបAEON Mall3បើកដំណើរការផងដែរ៕