លោកបណ្ឌិតហ៊ុន ម៉ាណែតអញ្ជើញបើកសម្ភោធរោងចក្រផលិតស្រោមដៃតម្លៃជាង៨០លានដុល្លារក្នុងក្រុងបាវិតនៅថ្ងៃនេះ

0

ដោយៈ សុផារី

ស្វាយរៀងៈ គម្រោងរោងចក្រផលិតស្រោមដៃ RMKH Glove ដែលមានតម្លៃជាង៨០លានដុល្លារអាមេរិក នឹងត្រូវបានបើកសម្ពោធជាផ្លូវការ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ស្អែកនេះ ក្រោមអធីបតីភាពរបស់ លោកបណ្ឌិតហ៊ុន ម៉ាណែតអគ្គមេបញ្ជាការកងទ័ពជើងគោក។

អភិបាលក្រុងបាវិត លោកលឹម សៀងហេន បានមានប្រសាសន៍ឲ្យដឹងតាមប្រព័ន្ធទូរស័ព្ទ នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះថា រោងចក្រផលិតស្រោមដៃ ជាការវិនិយោគរបស់ក្រុមហ៊ុន RMKH Glove (Cambodia)Co., Ltd. ដែលមានទុនវិនិយោគច្រើនលានដុល្លារអាមេរិក នឹងត្រូវបានបើកសម្ពោធជាផ្លូវការ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ស្អែកនេះ ក្រោមអធីបតីភាពរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខជននាយករដ្ឋមន្ត្រីនាពេលអនាគត មកពីគណបក្សប្រជាជនកម្ពុជា។

រោងចក្រ RMKH Glove នេះមានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ស្វាយរៀង ខេត្តស្វាយរៀង និងអាចបង្កើតការងារច្រើនកន្លែងដល់ប្រជាជននៅក្នុងមូលដ្ឋាន។

បើយោងតាមគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)បានឱ្យដឹងថា ក្រុមហ៊ុន RMKH Glove (Cambodia)Co., Ltd. បានទទួលវិញ្ញាបនបត្រ លើគម្រោងបង្កើតរោងចក្រផលិតស្រោមដៃគ្រប់ប្រភេទ មានទុនវិនិយោគប្រមាណ៨០លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ៧៨០កន្លែង កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១។

  បច្ចុប្បន្ននេះ ខេត្តស្វាយរៀង មានតំបន់សេដ្ឋកិច្ចពិសេសទាំងអស់ចំនួន១២កន្លែង ប៉ុន្តែដំណើរការតែ៩កន្លែងប៉ុណ្ណោះ រួមមាន តំបន់សេដ្ឋកិច្ចពិសេសមេនហាតធេនស្វាយរៀង តំបន់សេដ្ឋកិច្ចពិសេសតាយ សេងបាវិត តំបន់សេដ្ឋកិច្ចពិសេសដ្រេហ្គន ឃីង (នាគរាជ) តំបន់សេដ្ឋកិច្ចពិសេសសានដុង សាន់សែល តំបន់សេដ្ឋកិច្ចពិសេសហាយផាក តំបន់សេដ្ឋកិច្ចពិសេសឈីលូជានពុចាយ តំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀងហ្គីហ្គារីសស៍ តំបន់សេដ្ឋកិច្ចពិសេសអ៊ិនធើវៀ អូតូម៉ូបាល អ៊ិនដាសស្រ្ទៀល ខមផ្លេកស៍ តំបន់សេដ្ឋកិច្ចពិសេសស៊ីនបាវិត ៕

LEAVE A REPLY

Please enter your comment!
Please enter your name here