ដោយៈ សុផារី
ស្វាយរៀងៈ លោកបណ្ឌិតហ៊ុន ម៉ាណែត បានថ្លែងថា ទីក្រុងបាវិត ជាមជ្ឈមណ្ឌលផលិតកម្ម ដែលបានស្រូបយកកម្លាំងពលកម្ម ដ៏ច្រើនសន្ធឹកសន្ធាប់ និងគ្រប់ផ្នែកគ្រប់វិស័យ ហើយក៏អាចត្រូវបានចាត់ទុកជានិមិត្តរូប នៃការអភិវឌ្ឍរីកចម្រើននៅក្នុងប្រទេសកម្ពុជា។
លោកបណ្ឌិតបានបញ្ជាក់បន្តថា “ការអភិវឌ្ឍន៍ក្រុងបាវិត ពិតជាខុសស្រឡះ ពីការភ័ន្តច្រឡំមួយចំនួនដែលយល់ថា ទីក្រុងបាវិតជាទីក្រុងនៃសេវាកម្មកាស៊ីណូ”។
-->

លោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធរោងចក្រ RMKH Glove (Cambodia) Co. Ltd. នៅទីក្រុងបាវិត ខេត្តស្វាយរៀង នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២។
លោកបណ្ឌិត ហ៊ុន ម៉ាណែតបានវាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្តបណ្តាក់ទុនយ៉ាងមោះមុត ពីសំណាក់ក្រុមហ៊ុន Medtecs Manhattan Group ជាពិសេស ក្នុងការសាងសង់រោងចក្រផលិតស្រោមដៃពេទ្យ បែបទំនើបខ្នាតធំនៅក្នុងទីក្រុងបាវិត ដោយចាប់ផ្តើមនៅក្នុងឆ្នាំ២០២១ គឺអំឡុងពេលដែលប្រទេសកម្ពុជា កំពុងទទួលរងនូវការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ក្នុងទ្រង់ទ្រាយធំ និងមិនទាន់បានងើបចេញពីវិបត្តិនៃជំងឺនេះនៅឡើយ។

លោកបណ្ឌិតបានចាត់ទុកទង្វើនេះ គឺជាសក្ខីភាពឆ្លុះបញ្ចាំងឱ្យឃើញថាក្រុមហ៊ុន ពិតជាមានការជឿជាក់ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការរួមសុខរួមទុក្ខជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ មួយវិញទៀត ការបណ្តាក់ទុននេះ ក៏ជាការចូលរួមចំណែកយ៉ាងសំខាន់ របស់ក្រុមហ៊ុននៅក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេសនៅក្នុងការជំរុញកំណើនសេដ្ឋកិច្ចឡើងវិញក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងទៀតថា ទីក្រុងបាវិត ជាមជ្ឈមណ្ឌលផលិតកម្ម ដែលបានស្រូបយកកម្លាំងពលកម្ម ដ៏ច្រើនសន្ធឹកសន្ធាប់ និងគ្រប់ផ្នែកគ្រប់វិស័យ ហើយក៏អាចត្រូវបានចាត់ទុកជានិមិត្តរូប នៃការអភិវឌ្ឍរីកចម្រើន នៅក្នុងប្រទេសកម្ពុជាផងដែរ។
ជាក់ស្តែង ក្រុងបាវិត មានតំបន់សេដ្ឋកិច្ចពិសេសជាច្រើន ដោយក្នុងនេះមានរោងចក្រសរុបចំនួន១៧៨ និងបានផ្តល់ការងារជូន ដល់ប្រជាពលរដ្ឋប្រមាណជាង៩ម៉ឺននាក់ ដែលពិតជាខុសស្រឡះពីការភ័ន្តច្រឡំមួយចំនួនដែលយល់ថា ទីក្រុងបាវិតជាទីក្រុងនៃសេវាកម្មកាស៊ីណូ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា “ក្នុងរយៈពេលប្រមាណជាងពីរទសវត្សរ៍ចុងក្រោយនេះ កម្ពុជាបានក្លាយជាគោលដៅសំខាន់មួយនៃការវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលជាកត្តានាំឱ្យកម្ពុជាស្ថិតក្នុងចំណោមប្រទេស ដែលមានកំណើនសេដ្ឋកិច្ចលឿនជាងគេ នៅក្នុងសកលលោក ជាមួយនឹងអត្រាកំណើន ជាមធ្យមប្រមាណជាង៧% ក្នុងមួយឆ្នាំ”។
លោកបណ្ឌិតហ៊ុន ម៉ាណែត បន្តថា “អត្រាកំណើនដ៏ខ្ពស់នេះ បានធ្វើឱ្យកម្ពុជាផ្លាស់ប្តូរឋានៈពីប្រទេសចំណូលទាប ទៅជាប្រទេសចំណូលមធ្យមកម្រិតទាបចាប់តាំងពីឆ្នាំ២០១៥ និងបានជួយឱ្យប្រជាជនកម្ពុជា បានងើបចេញពីភាពក្រីក្រ ដោយអត្រាភាពក្រីក្រនៅកម្ពុជា បានធ្លាក់ចុះពីប្រមាណ៥៣% ក្នុងឆ្នាំ២០០៤ មកត្រឹម១៧,៨%ប៉ុណ្ណោះក្នុងឆ្នាំ២០២០”៕
