ដោយ៖ សុផារី
ភ្នំពេញៈ ក្រសួងពាណិជ្ជកម្មបានប្រកាសថា ប្រេងសាំងធម្មតាលក់រាយមានតម្លៃ៤.២៥០រៀល និងប្រេងម៉ាស៊ូត៤.៧០០រៀល ក្នុង១លីត្រ ចាប់អនុវត្តពីថ្ងៃនេះ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ។
បើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា ផ្អែកតាមតម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិ តម្លៃលក់រាយប្រេងឥន្ធនៈក្នុងរយៈពេលដូចគ្នាខាងលើ ត្រូវលក់៤.៥១៧រៀល ក្នុងមួយលីត្រ សម្រាប់ប្រេងសាំងធម្មតា EA92 និង៤.៩៦៧រៀល សម្រាប់ប្រេងម៉ាស៊ូត ក្នុងមួយលីត្រ។
ក្រសួងបានបញ្ជាក់បន្ថែមថា ដើម្បីជួយសម្រួល់ដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែក ពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន៦,៥សេនដុល្លារ ក្នុងមួយលីត្រ៕