សម្ដេចតេជោ ហ៊ុន សែន ផ្ដល់ទស្សនទាន៤ចំណុច ដើម្បីលើកកម្ពស់និងត្រៀមខ្លួនរៀបចំព្រឹត្តិការណ៍កីឡាធំៗក្នុងពិភពលោក

0

ដោយ៖ សុផារី

ភ្នំពេញ៖ ដើម្បីរួមចំណែកដល់ការលើកកម្ពស់វិស័យ កីឡា និងការត្រៀមខ្លួនបានល្អ ក្នុងរៀបចំព្រឹត្តិការណ៍កីឡា របស់មហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) លើកទី៤១ ឱ្យទទួលបានជោគជ័យខ្ពស់ សម្តេចតេជោ ហ៊ុន​ សែន បានផ្ដល់ការលើកទឹកចិត្ត និងទស្សនទាននូវចំណុចគន្លឹះមួយចំនួន។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតីបើកមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) លើកទី៤១ នៅព្រឹកថ្ងៃអង្គារ ទី០៤ ខែតុលា ឆ្នាំ២០២២នេះ។

សម្តេចស្នើឱ្យមានការចូលរួមយ៉ាងសកម្មពីប្រទេសសមាជិក ដែលមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងវិស័យកីឡា សូមលើកទឹកចិត្តឱ្យមានកិច្ចពិភាក្សា និងចែករំលែកនូវ ឧត្តមានុវត្តន៍ល្អៗនៅក្នុងមហាសន្និបាតនេះ ពាក់ព័ន្ធទៅនឹង ការរៀបចំព្រឹត្តិការណ៍កីឡាធំៗ ការគ្រប់គ្រង និងការអភិវឌ្ឍ បច្ចេកទេសកីឡា ដើម្បីធ្វើឱ្យវិស័យកីឡាកាន់តែប្រសើរក្នុង តំបន់អាស៊ីយើងនេះ។

សម្តេចតេជោក៏បានស្នើក្រុមប្រឹក្សាអូឡាំពិកអាស៊ីបង្កើនការធ្វើពិពិធកម្ម សកម្មភាពកីឡាឱ្យបានកាន់តែច្រើនទៀត នៅតាមបណ្ដាប្រទេស សមាជិក ដើម្បីលើកកម្ពស់វិស័យកីឡានៅតំបន់អាស៊ី និងបង្កើនការផ្សារភ្ជាប់វិស័យកីឡាទៅនឹងវិស័យសេដ្ឋកិច្ច ជាពិសេស ទេសចរណ៍កីឡា ដែលត្រូវបានចាត់ទុកជាប្រភេទទេសចរណ៍បៃតង ដើម្បីពង្រឹងមិត្តភាព សាមគ្គីភាពដែលរួមចំណែកដល់ ការកសាងសុខសន្តិភាពប្រកបដោយចីរភាពក្នុងតំបន់។

សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជាពិសេស គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បង្កើនកិច្ចសហការទាំងបច្ចេកទេស និងបទពិសោធន៍ជាមួយក្រុមប្រឹក្សាអូឡាំពិកអាស៊ី គណៈកម្មាធិការជាតិអូឡាំពិក នៃប្រទេសសមាជិក ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ា និងស្ថាប័នកីឡាអន្តរជាតិក្នុងការបណ្តុះបណ្តាល និងការអភិវឌ្ឍ កម្រិតបច្ចេកទេសកីឡាដល់អត្តពលិកកម្ពុជាឱ្យបានដល់កម្រិត ដែលអាចធ្វើទៅបាន ដើម្បីឱ្យអត្តពលិកកម្ពុជាអាចចូលរួម កាន់តែទូលំទូលាយ ក្នុងព្រឹត្តិការណ៍អន្តរជាតិនានានៅថ្ងៃអនាគត។

សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់បណ្តាប្រទេសសមាជិកនៃ ក្រុមប្រឹក្សាអូឡាំពិកអាស៊ីមេត្តាផ្ដល់នូវការគាំទ្រក្នុងគ្រប់ទម្រង់ តាមដែលអាចធ្វើទៅបាន ដើម្បីឱ្យការរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា ទទួលបានជោគជ័យខ្ពស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here