សម្តេចតេជោ ហ៊ុន សែន៖ ឆ្នាំ២០២២ជាឆ្នាំដ៏មមាញឹកនិងសំខាន់សម្រាប់កម្ពុជា សម្រាប់ព្រឹត្តិការណ៍ធំៗជាច្រើន

0

ដោយ៖ សុផារី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ឆ្នាំ២០២២គឺជាឆ្នាំដ៏មមាញឹក និងមានសារៈសំខាន់សម្រាប់កម្ពុជា ក្នុងនាមជាប្រធានប្តូរវេនអាស៊ានកម្ពុជា មានការតាំងចិត្តខ្ពស់ឈរលើគោលការណ៍កិច្ចសហប្រតិបត្តិ ការសន្តិសហវិជ្ជមាននិងស្មើមុខស្មើមាត់ រួមចំណែកដោះស្រាយរាល់បញ្ហាប្រឈមនានានៅក្នុងតំបន់។

ក្នុងឱកាសអញ្ជើញជាអធិបតីបើកមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) លើកទី៤១ នៅព្រឹកថ្ងៃអង្គារ ទី០៤ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោបានថ្លែងអំណរគុណក្រុមប្រឹក្សាអូឡាំពិកអាស៊ី ដែលបានផ្តល់សេចក្តីទុកចិត្ត និងគាំទ្រកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ មហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ីលើកទី៤១នេះ នៅប្រទេសកម្ពុជា។

សម្តេចតេជោបានលើកឡើងថា ការជួបជុំនៃមហាសន្និបាតលើកទី៤១ នៅកម្ពុជា ក្នុងឆ្នាំ២០២២នេះ គឺជាពេលវេលាមួយដ៏សមស្រប និងមានសារៈសំខាន់សម្រាប់កម្ពុជា ក្នុងការផ្លាស់ប្តូរយោបល់ និងការដកស្រង់នូវបទពិសោធន៍ជាក់ស្ដែង ព្រមទាំងធាតុចូលល្អៗ ដែលនឹងទទួលបានតាមរយៈការធ្វើបទបង្ហាញ ដោយអ្នកជំនាញនៃវិស័យកីឡា និងកិច្ចពិភាក្សាពាក់ព័ន្ធនឹងវិស័យនេះ ពីព្រោះនៅឆ្នាំ២០២៣ កម្ពុជាត្រូវបានផ្ដល់ការគាំទ្រធ្វើជាប្រធានក្រុមប្រឹក្សាកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ហើយនឹងរៀបចំការ ប្រកួតកីឡាកម្រិតអន្តរជាតិដ៏ធំនេះនៅប្រទេសកម្ពុជា។

សម្តេចតេជោបានមានប្រសាសន៍បន្តថា “ឆ្នាំនេះ គឺជាឆ្នាំដ៏មមាញឹក និងមានសារៈសំខាន់សម្រាប់កម្ពុជា ក្នុងនាមជាប្រធានប្តូរវេនអាស៊ានកម្ពុជា មានការតាំងចិត្តខ្ពស់ឈរលើគោលការណ៍កិច្ចសហប្រតិបត្តិ ការសន្តិសហវិជ្ជមាននិងស្មើមុខស្មើមាត់ រួមចំណែកដោះស្រាយរាល់បញ្ហាប្រឈមនានា ដែលអាចកើតឡើងជាយថាហេតុនៅក្នុងតំបន់ ដើម្បីធានាសុខសន្តិភាព សុខដុមនីយកម្ម និងភាពជាដៃគូគ្រប់ជ្រុងជ្រោយ សំដៅជំរុញល្បឿន និងចីរភាពនៃការអភិវឌ្ឍសម្រាប់ជោគវាសនា សន្តិសុខតំបន់ ការអភិវឌ្ឍ និងវិបុលភាពរួម”៕

LEAVE A REPLY

Please enter your comment!
Please enter your name here