សម្ដេចតេជោ៖ អាស៊ីគួរតែពិនិត្យថា ហេតុអ្វីទៅបាន​ជាកីឡារបស់ទ្វីបអាស៊ីនៅទន់ខ្សោយទោះមានចំនួនប្រជាជនដ៏ច្រើនក្តី?

0

ដោយ៖ សុផារី

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានចោទជាសំនួរថា មូលហេតុអ្វីបានជាកីឡារបស់ប្រទេសក្នុងតំបន់អាស៊ី នៅទន់ខ្សោយ ជាពិសេសកីឡាបាល់ទាត់ ដោយនៅពេលមានការប្រកួត World Cup ម្ដងៗ សូម្បីតែវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក៏ពិបាកឆ្លងផុតដែរ បើទោះបីជាទ្វីបអាស៊ីមានចំនួនប្រជាជនដ៏ច្រើនក្តី។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា “​នៅក្នុងពេលជំនួប ដែលខ្ញុំបានទទួលឯកឧត្ដមប្រធានក្រុមប្រឹក្សាអំបាញ់មិញ ខ្ញុំបានលើកឡើងទៅលើចំណុចពីរ ទីមួយអាស៊ីរបស់យើង គួរតែពិនិត្យថា ហេតុអ្វីទៅបាន​ជាកីឡារបស់ទ្វីបរបស់យើងនៅទន់ខ្សោយ។ ជាពិសេសបើពិនិត្យអំពីបាល់ទាត់ យើងពិនិត្យឃើញថា ក្នុងតំបន់របស់យើងគ្រាន់តែចិន និងឥណ្ឌា គឺមានប្រជាជនជិត៣.០០០លាននាក់ បូកនិងអាស៊ានប្រមាណជា៦០០លាននាក់ទៀត និងបូកនិងបណ្ដាប្រទេសនានា គឺប្រជាជនច្រើនណាស់ ប៉ុន្តែបើនិយាយពីបាល់ទាត់ សូម្បីតែវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ យើងក៏ពិបាកចូល ហើយក៏មានតែប្រទេសមួយចំនួនតូចប៉ុណ្ណោះ ដែលអាចចូលក្នុងវគ្គជម្រុះ World Cup ជារៀងរាល់ពេល”។

សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវមោទនភាព ដែលឆ្នាំនេះតំបន់អាស៊ី នោះគឺប្រទេសកាតា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតបាល់ទាត់ពិភពលោក World Cup ហើយសម្ដេចសង្ឃឹមថា ប្រទេសនានាក្នុងតំបន់អាស៊ី នឹងទទួលបានលទ្ធផលល្អ នៃការប្រកួតនេះ។

សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា “ប៉ុន្តែអ្វីដែលយើងគួរសិក្សា គឺថាតើមានមូលហេតុអ្វីខ្លះ ដែលប្រជាជនចំនួនដ៏ច្រើន គឺយើងបែរជាកីឡាទន់ខ្សោយជាងទ្វីបដទៃ បើប្រៀបធៀបទ្វីបអឺរ៉ុប ទ្វីបអាមេរិកឡាទីន គឺទ្វីបរបស់យើងមានទន់ខ្សោយជាង ជាចំណុចដែលយើងគួរសិក្សាប៉ុន្តែខ្ញុំមិនដឹងថា តើប្រធានបទនៅទីនេះ មានលើកបញ្ហានេះឬទេ?”។

សម្តេចបន្ថែមថា “ខ្ញុំធ្លាប់បាននិយាយជាមួយនិងសមាជិកកីឡាករ-កីឡាការនីរបស់កម្ពុជា មុននឹងពេលចេញទៅប្រកួត ខ្ញុំបាននិយាយថា ប្រជា ជនច្រើន មិនប្រាកដថា កីឡាខ្លាំងនោះទេ ហើយប្រជាជនតិច មិនប្រាកដថា កីឡាខ្សោយនោះដែរ ហើយនេះវាជារឿងពិត ដែលបានកើតឡើងនៅក្នុងតំបន់របស់យើង”៕

LEAVE A REPLY

Please enter your comment!
Please enter your name here