តើរុស្ស៊ី នឹងឈានទៅដល់ការប្រើប្រាស់សព្វាវុធនុយក្លេអ៊ែរ ដែរទេនៅដំណាក់កាលចុងក្រោយ?

0

ដោយៈ សុខុម

ក្រុងឡុងដ៍ៈ ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានព្រមានលោកខាងលិចម្តងហើយម្តងទៀតថា ការវាយប្រហារណាមួយទៅលើរុស្ស៊ី នឹងឈានទៅដល់ការឆ្លើយតបដោយសព្វាវុធនុយក្លេអ៊ែរ។

តើលោក ពូទីន នឹងប្រើប្រាស់សព្វាវុធនុយក្លេអ៊ែរដែរឬទេ តើលោកនឹងបញ្ជាឱ្យប្រើប្រាស់អាវុធ មហាប្រល័យបែបនេះប៉ុន្មានគ្រាប់ ហើយតើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តយោធាណាតូ (NATO) ដែលដឹកនាំដោយសហរដ្ឋអាមេរិក នឹងឆ្លើយតបក្នុងរូបភាពបែបណា?

តើលោក ពូទីន នឹងប្រើប្រាស់សព្វាវុធនុយក្លេអ៊ែរដែរទេ?

ភាគច្រើនអាស្រ័យថាតើលោក ពូទីន យល់ឃើញបែបណា ចំពោះការគំរាមកំហែងទៅលើប្រទេសរុស្ស៊ី និងការកាន់អំណាចរបស់គាត់។

លោក ពូទីន ចាត់ទុកសង្រ្គាមនៅអ៊ុយក្រែនថា ជាការប្រយុទ្ធគ្នារួចទៅហើយរវាងប្រទេសរុស្ស៊ី និងលោកខាងលិច ដែលលោកអះអាងថា លោកខាងលិច មានបំណងចង់បំផ្លាញប្រទេសរុស្ស៊ី និងដណ្តើមគ្រប់គ្រងធនធានធម្មជាតិដ៏ច្រើនសម្បើមរបស់ខ្លួន។

លោក ពូទីន បានព្រមានលោកខាងលិចថា លោកមិនមែននិយាយកម្លា ឬនិយាយបំភ័យនោះទេ នៅពេលលោកនិយាយថា លោកត្រៀមខ្លួនរួចជាស្រេច នៅក្នុងការប្រើប្រាស់សព្វាវុធនុយក្លេអ៊ែរ ដើម្បីការពារប្រទេសរុស្ស៊ី។

អ្នកវិភាគខ្លះលើកឡើងថា លោក ពូទីន កំពុងនិយាយកម្លា ប៉ុន្តែរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ចាត់ទុកថា លោក ពូទីន និយាយមែនទែន។

ដោយអះអាងថា ១៨% នៃផ្ទៃដីប្រទេសអ៊ុយក្រែនថា ជាផ្នែកមួយនៃទឹកដីរបស់ប្រទេសរុស្ស៊ី ឱកាសគំរាមកំហែងប្រើសព្វាវុធនុយក្លេអ៊ែរ កើនឡើង ព្រោះលោក ពូទីន អាចនឹងធ្វើការវាយប្រហារណាមួយ ទៅលើទឹកដីទាំងនេះ ដើម្បីការពាររុស្ស៊ីខ្លួនឯង។

គោលនយោបាយនុយក្លេអ៊ែររបស់រុស្ស៊ី អនុញ្ញាតឱ្យមានការវាយប្រហារនុយក្លេអ៊ែរ បន្ទាប់ពីមានការឈ្លានពាន​ ទៅលើសហព័ន្ធរុស្ស៊ី និងនៅពេលរដ្ឋត្រូវបានគំរាមកំហែង។ ជនជាតិរុស្ស៊ីយ៉ាងច្រើន រស់នៅក្នុងទឹកដីអ៊ុយក្រែន ដែលលោក ពូទីន បានប្រកាសថាជាជនជាតិរុស្ស៊ី ។

លោក Yuri Fyodorov អ្នកវិភាគយោធាដែលមានមូលដ្ឋាននៅទីក្រុង Prague និយាយថា “ពេលនេះគាត់ (ពូទីន) កំពុងនិយាយកម្លា។ ប៉ុន្តែតើនឹងមានអ្វីកើតឡើង ក្នុងពេលមួយសប្តាហ៍ ឬមួយខែរាប់ចាប់ពីពេលនេះ គឺពិបាកនិយាយណាស់ ជាពិសេសនៅពេលគាត់យល់ថារុស្ស៊ី ចាញ់សង្រ្គាម”។

នៅពេលសួរថា តើលោកពូទីន នឹងអាចឈានទៅដល់ការវាយប្រហារដោយសព្វាវុធនុយក្លេអ៊ែរដែរឬយ៉ាងណា នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក CIA លោក William Burns បានប្រាប់សារព័ត៌មាន CBS ថា “យើងត្រូវតែយកចិត្តទុកដាក់ឱ្យបានខ្ពស់ ចំពោះការគំរាមកំហែងរបស់គាត់ (ពូទីន) ព្រោះអ្វីៗគឺមានហានិភ័យ”។

ទោះជាយ៉ាងណា លោក William Burns លើកឡើងថា ការស៊ើបការណ៍សម្ងាត់ របស់សហរដ្ឋអាមេរិក មិនមាន “ភ័ស្តុតាងជាក់ស្តែង” បង្ហាញថា លោក ពូទីន កំពុងឆ្ពោះទៅរកការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ក្នុងពេលឆាប់ៗនេះឡើយ៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here