ដំណឹងល្អ ប្រទេសអារ៉ាប៊ីសាអូឌីតនឹងបើកស្ថានទូតប្រចាំនៅកម្ពុជាក្នុងពេលឆាប់ៗនេះ

0

ដោយ៖ សុផារី

ភ្នំពេញ៖ ព្រះអង្គម្ចាស់ Abdulaziz bin Turki Al Saud រដ្ឋមន្ត្រីក្រសួងកីឡាអារ៉ាប៊ីសាអូឌីត បានថ្លែងថា ដោយទតឃើញការរីកចម្រើនគ្រប់វិស័យរបស់កម្ពុជា រាជរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតបានសម្រេចថានឹងបើកស្ថានទូតប្រចាំនៅកម្ពុជា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ព្រះអង្គម្ចាស់បានលើកឡើងយ៉ាងនេះ ក្នុងកិច្ចប្រជុំពិភាក្សាការងារជាមួយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ ក្នុងឱកាសយាងចូលរួម ”មហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី លើកទី៤១” នៅរាជធានីភ្នំពេញ។

ព្រះអង្គម្ចាស់ Abdulaziz bin Turki Al Saud បានសម្តែងព្រះទ័យសប្បាយរីករាយ ដែលបានយាងមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានទតឃើញពីការរីកចម្រើនគ្រប់វិស័យរបស់កម្ពុជា ហើយរាជរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត បានសម្រេចថានឹងបើកស្ថានទូតប្រចាំនៅកម្ពុជា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការទូត កីឡា អប់រំ និងសដ្ឋកិច្ច ពាណិជ្ជកម្មជាដើមឲ្យមានការកើនឡើងបន្ថែមទៀត។

ព្រះអង្គម្ចាស់ មានព្រះរាជបន្ទូលថា បន្ថែមថា ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត គ្រោងស្នើសុំរៀបចំពិព័រណ៍ពិភពលោកឆ្នាំ២០៣០ ដូច្នេះសង្ឃឹមថា ភាគីកម្ពុជាផ្តល់ការគាំទ្រអារ៉ាប៊ីសាអូឌីត ធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ពិភពលោកនេះ។

លោកពាណិជ្ជកម្មកម្ពុជា បានសម្តែងការស្វាគមន៍ និងសម្តែងការអបអរសាទរ ដែលរាជរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត នឹងបើកស្ថានទូតប្រចាំនៅកម្ពុជា និងបានទូលថ្វាយអំពីទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អារ៉ាប៊ីសាអូឌីត ដែលសម្រេចបានប្រមាណ២៦លានដុល្លារអាមេរិកក្នុងឆ្នាំ២០២១ ដែលកើនឡើងជិត៤០% បើធៀបនឹងឆ្នាំ២០២០ ដែលមានទំហំត្រឹមតែ១៩លានដុល្លារអាមេរិក)។

ក្នុងន័យនេះ ភាគីកម្ពុជាស្នើភាគីអារ៉ាប៊ីសាអូឌីត ពិនិត្យលទ្ធភាពក្នុងការបង្កើតយន្តការកិច្ចសហប្រតិបត្តិការក្នុងទម្រង់ជាអនុស្សរណៈ ឬកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ដើម្បីអាចប្រើជាក្របខ័ណ្ឌគតិយុត្តសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យពាណិជ្ជកម្ម នាពេលអនាគត។

ប្រទេសទាំងពីរសម្រេចបានពាណិជ្ជកម្មទ្វេភាគីក្នុងទំហំទឹកប្រាក់២៦លានដុល្លារ ក្នុងឆ្នាំ២០២១ កើនឡើងជិត៤០% បើធៀបនឹងឆ្នាំ២០២០ (ត្រឹមតែ១៩លានដុល្លារ) ខណៈដែលពាណិជ្ជកម្មទ្វេភាគីមានទំហំ១៥,៦លានដុល្លារ ក្នុងឆ្នាំ២០១៩ និង១៦លានដុល្លារ ក្នុងឆ្នាំ២០១៨។

កម្ពុជានាំចេញមុខទំនិញសំខាន់ៗ ទៅអារ៉ាប៊ីសាអូឌីតមានដូចជា អង្ករ សម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើពីស្បែក និងផ្លែឈើ។ កម្ពុជានាំចូលមុខទំនិញ សំខាន់ៗពីអារ៉ាប៊ីសាអូឌីត មានដូចជា ផលិតផលធ្វើពីប្លាស្ទិក អាលុយមីញ៉ូម ផ្លែឈើ ជីគីមី សម្ភារៈសំណង់ និងដទៃទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here