ដោយ: លាងហួរ
បាងកក: កិច្ចប្រជុំកំពូល Apec ដែលគ្រោងនឹងធ្វើឡើងនៅមជ្ឈ មណ្ឌលសន្និបាត Queen Sirikit ចាប់ពីថ្ងៃទី១៤ ដល់ទី១៩ខែវិច្ឆិកាក្រោមប្រធានបទ“Open. Connect. Balance”។
អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក Tanee Sangrat បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃអង្គារថា ប្រទេសថៃនឹងដើរតួយ៉ាងសំខាន់ ក្នុងការជួយឱ្យសមាជិក នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ីប៉ាស៊ីហ្វិក (Apec) ចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងការវិនិយោគ។
លោកTanee បានបន្តថា សមាជិក Apec ក៏នឹងពិភាក្សាផងដែរអំពីបញ្ហានៃការលើកកម្ពស់គុណភាពជីវិត នៅក្នុងសម័យក្រោយកូវីដ និងការអភិរក្សបរិស្ថាន។
លោកបានចង្អុលបង្ហាញថា ទន្ទឹមនឹងនោះ កិច្ចប្រជុំកំពូលនេះ គឺជាឱកាសសម្រាប់សមាជិក Apec ដើម្បីពិភាក្សាអំពីបញ្ហាសកល ដូចជាភាពតានតឹងភូមិសាស្ត្រនយោបាយផងដែរ។
លោក Tanee បានឱ្យដឹងថា មេដឹកនាំមកពីប្រទេសសិង្ហបុរី កោះតៃវ៉ាន់ និងហុងកុងបានបញ្ជាក់ថា ពួកគេនឹងចូលរួមកិច្ចប្រជុំនេះ ប៉ុន្តែមេដឹកនាំនៃសមាជិកមួយចំនួនផ្សេងទៀត មិនទាន់បានបញ្ជាក់ជាផ្លូវការនៅឡើយទេ ដោយសារតែភាពមិនប្រាកដប្រជាលើសន្តិសុខ។
លោកបានបន្ថែមថា រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យីបានជូនដំណឹងដល់សមភាគីថៃ លោកDon Pramudwinaiថា លោកប្រធានាធិបតីចិនស៊ី ជីនពីងនឹងចូលរួមកិច្ចប្រជុំកំពូលនេះ។
លោកTanee បាននិយាយថា ក្នុងពេលជាមួយគ្នានេះ ក្រសួងការបរទេសកំពុងទាក់ទងទៅរុស្ស៊ី ដើម្បីរកមើលថាតើប្រធានាធិបតី Vladimir Putin នឹងចូលរួមកិច្ចប្រជុំកំពូលដែរឬទេ។
លោកបានបញ្ជាក់ថា ប្រទេសថៃបានត្រៀមខ្លួនជាស្រេច ក្នុងការដោះស្រាយរាល់ភាពចលាចល ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូល ដែលសំខាន់ទាំងអស់៕