សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យសន្និសីទចក្ខុវិស័យកម្ពុជាពិនិត្យនិងពិភាក្សាថាតើកម្ពុជាអាចសម្រេចគោលដៅអភិវឌ្ឍន៍ដោយចីរភាពឆ្នាំ២០៣០ដែរទេ?

0

 ដោយ៖ សហការី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា ពិនិត្យ និងពិភាក្សាមើលថា តើកម្ពុជាអាចសម្រេចគោលដៅ អភិវឌ្ឍន៍ ដោយចីរភាពឆ្នាំ២០៣០ដែរទេ? ក្នុងគោលដៅឆ្នាំ២០២៣ ក្លាយទៅជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ក្លាយទៅជាប្រទេស ដែលមានប្រាក់ចំណូលខ្ពស់។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបើកសន្និសីទ “ចក្ខុវិស័យកម្ពុជាឆ្នាំ២០២២” នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២នេះ។

សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា សន្និសីទនាថ្ងៃនេះ អាចដំណើរការ និងប្រព្រឹត្តទៅបានដោយភាពរលូន និងមានការចូលរួមយ៉ាងផុសផុល ក្នុងការពិភាក្សា ផ្លាស់ប្តូរទស្សនទាន និងបទពិសោធន៍ ដើម្បីអាចទទួលបានលទ្ធផលជាផ្លែផ្កាទាំងអស់គ្នា។

សម្ដេចតេជោ ហ៊ុន សែន បានលើកជាសំណួរថា “ខ្ញុំក៏សូមស្នើឲ្យអង្គសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា យកចិត្តទុកដាក់ពិនិត្យមើល តើគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ សម្រេចបានឬទេ?”។

សម្ដេចតេជោបានបញ្ជាក់ថា “សម្រាប់យើងគោលដៅឆ្នាំ២០៣០ ក្លាយទៅជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ក្លាយទៅជាប្រទេស ដែលមានប្រាក់ចំណូលខ្ពស់ តើ សម្រេចបានឬទេ ក្នុងសភាពការណ៍ ដែលមានការរារាំងចេញពីវិបត្តិកូវីដ១៩, វិបត្ដិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងបញ្ហាទណ្ឌកម្ម។ ចំណុចនេះ គួរតែត្រូវបានព្យាករទុកជាមុន ដើម្បីថាតើវាអាចអនុវត្តបាន ឬអត់”

សម្ដេចតេជោក៏គូសបញ្ជាក់ថា គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ មិនមែនជាគោលដៅដោយឡែករបស់កម្ពុជានោះទេ ក៏ប៉ុន្តែកម្ពុជា ក៏បានផ្សារភ្ជាប់ខ្លួន ជាមួយនឹងដំណើរការនេះ ដើម្បីកំណត់បង្គោលចរ នៃការសម្រេចគោលដៅផងដែរ។ បើមិនសម្រេចបានទេ ការបម្រុងទុកត្រូវមានអ្វីខ្លះ គួរតែត្រូវបានពិភាក្សាសិក្សា ក្នុងឋានៈជារាជរដ្ឋាភិបាល ដែលយកការគិតគូរជាមុន និងត្រៀមម្ចាស់ការជាមុន ដើម្បីឆ្លើយតបទៅនឹងសភាពការណ៍ ដែលវាអាចកើតមាន រាប់ទាំងសភាពការណ៍ ដែលវាមិនទាន់ច្បាស់លាស់។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា តើវាអាចកើតមានសង្គ្រាមនុយក្លេអ៊ែរ​ដែរឬទេ បើមានការព្រមានជាប្រចាំថ្ងៃយ៉ាងដូច្នេះ និងរឿងរ៉ាវដែលអកុសលកាលពីម្សិលម្ងៃ គឺការបាញ់មីស៊ីលកូរ៉េខាងជើង ឆ្លងកាត់ប្រទេសជប៉ុន ដែលនេះមិនមែនជារឿងលេងសើច ហើយកម្ពុជាក៏បានធ្វើការថ្កោលទោសផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា នេះជាការគំរាមកំហែងដល់សន្តិសុខក្នុងតំបន់ មិនមែនគ្រាន់តែជាបញ្ហាបាញ់ចូលទៅសមុទ្រនេះ សមុទ្រនោះទេ ប៉ុន្ដែការបាញ់ឆ្លងកាត់ប្រទេសមួយ ដែលបញ្ជាក់ថា ប្រសិនបើចង់បាញ់ចូលក្នុងតំបន់ណា នៃប្រទេសជប៉ុន ក៏អាចបាញ់បាន ព្រោះបាញ់ឆ្លងកាត់ប្រទេសរួចទៅហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here