WB ចំណាយជិត១៥ពាន់លានដុល្លារលើគម្រោងឥន្ធនៈហ្វូស៊ីលបំពានកិច្ចព្រមព្រៀងក្រុងប៉ារីស

0

ដោយ៖ សុខុម

វ៉ាស៊ីនតោន: ធនាគារពិភពលោក (World Bank) បានចំណាយប្រាក់រហូតដល់ទៅ១៤,៨ពាន់លានដុល្លារអាមេរិក ទៅលើគម្រោងឥន្ធនៈហ្វូស៊ីលទូទាំងពិភពលោក ក្នុងរយៈពេលបន្ទាប់ពីមានកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស។ នេះបើយោងតាមរបាយការណ៍មួយបានបង្ហាញ កាលពីថ្ងៃព្រហស្បតិ៍ ទី៦ ខែតុលា។

របាយការណ៍ដែលប្រមូលចងក្រង ដោយសម្ព័ន្ធអង្គការមិនមែនរដ្ឋាភិបាល ឈ្មោះថា The Big Shift Global បង្ហាញថា ស្ថាប័នផ្តល់ប្រាក់កម្ចីពហុភាគីខាងលើនេះ កាលពីឆ្នាំ២០១៨ បានសន្យាថា នឹងឈប់ផ្តល់ហិរញ្ញប្បទាន សម្រាប់គម្រោងប្រេងឥន្ធនៈ និងឧស្ម័ន ហើយវាឆ្លុះបញ្ចាំងឱ្យឃើញថា ធនាគារនេះបានសន្យាខ្យល់ និងបានបំពានកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស។

ដំណឹងដ៏រសើបនេះបានបែកធ្លាយ ស្របពេលមានការដាក់សម្ពាធ លើប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន កាន់តែខ្លាំងឡើង ឱ្យលោកដកប្រធានធនាគារពិភពលោក លោក David Malpass ចេញពីតំណែង។

លោក David Malpass ដែលទទួលបានការតែងតាំង ពីអតីតប្រធានាធិបតី ដូណាល់ ត្រាំ ហើយក្នុងឋានៈជាប្រធានធនាគារពិភពលោក លោកបានគេចវេះមិនឆ្លើយសំណួរ អំពីការពិតនៃបម្រែបម្រួលអាកាសធាតុ ដែលបង្កឡើងដោយមនុស្ស។

លោកស្រី Sophie Richmond ប្រធានអ្នកសម្របសម្រួលនៃយុទ្ធនាការ ដើម្បីថាមពលប្រកប ដោយនិរន្តរភាព Big Shift Global បានលើកឡើងថា “រាល់ពេលដែលធនាគារពិភពលោកវិនិយោគ លើគម្រោងឥន្ធនៈហ្វូស៊ីលមួយផ្សេងទៀត វាជំរុញឱ្យមានគ្រោះមហន្តរាយអាកាសធាតុកាន់តែច្រើន។ វាពិតជាមិនសមហេតុផលឡើយ ដែលប្រើប្រាស់លុយរបស់អ្នកបង់ពន្ធ ដើម្បីធ្វើឱ្យវិបត្តិអាកាសធាតុកាន់តែធ្ងន់ធ្ងរទៅៗ”។

ក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ២០១៥ ក្រុមមេដឹកនាំពិភពលោកបានប្តេជ្ញាចិត្តកំណត់ការឡើងកម្ដៅរបស់ភពផែនដី មកនៅត្រឹម១,៥អង្សាសេ ដើម្បីបញ្ចៀសលទ្ធផលដ៏អាក្រក់ សម្រាប់ការរស់នៅ នាពេលអនាគតរបស់ភពផែនដី៕ CNA៕

LEAVE A REPLY

Please enter your comment!
Please enter your name here