ដោយៈ ជេស៊ីកា
កំពតៈ បន្ទាប់់ពីបានពន្យាពេលជាច្រើនលើក ច្រើនសារ នៅទីបំផុតកំពង់ផែទេសចរណ៍លំដាប់អន្តរជាតិ នៅស្រុកទឹកឈូ ខេត្តកំពតបានបញ្ចប់ការសាងសង់ហើយ។
គម្រោងសាងសង់កំពង់ផែទេសចរណ៍ខេត្តកំពតនេះ បានបញ្ចប់ការសាងសង់ជាស្ថាពរកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ដោយប្រើប្រាស់ថវិកាសាងសង់សរុប៩,២៧លានដុល្លា ក្រោមថវិកាបដិភាគរវាងធនាគារអភិវឌ្ឍន៍អាស៊ី និងរាជរដ្ឋាភិបាលកម្ពុជា។
-->

ក្រុមការងារអន្តរក្រសួងដឹកនាំដោយលោកឧបនាយករដ្ឋមន្រ្តីអូន ព័ន្ឋមុនីរ័ត្នរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន និងលោកថោង ខុនរដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានចុះពិនិត្យវឌ្ឍនភាពកំពង់ផែនេះ កាលពីចុងសប្តាហ៍មុន។
គម្រោងសាងសង់កំពង់ផែទេសចរណ៍ ខេត្តកំពតនេះ មានទីតាំងស្ថិតនៅក្នុងស្រុកទឹកឈូ ខេត្តកំពត និងសាងសង់លើផ្ទៃដីទំហំ៤,២៥ហិកតា ដែលបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ ២០១៨។
កំពង់ផែនេះ នឹងក្លាយជាច្រកទ្វារអន្តរជាតិដ៏សំខាន់ថ្មី មួយទៀតរបស់កម្ពុជា សម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមានបំណងធ្វើដំណើរកម្សាន្តតាមផ្លូវទឹក និងផ្លូវសមុទ្ររវាងកម្ពុជា ជាមួយបណ្តាប្រទេសក្នុងតំបន់ និងអន្តរជាតិ៕
