ដោយៈ សុខុម
ភ្នំពេញ: ទំហំពាណិជ្ជកម្មក្រៅប្រទេសរបស់កម្ពុជា បានឈានដល់៤១ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល៩ខែដើមឆ្នាំ២០២២ ដោយសម្រេចបានកំណើន១៨% បើធៀបនឹង៣៤,៧៦ពាន់លានដុល្លារ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
យោងតាមរបាយការណ៍ផ្លូវការ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញកាលពីថ្ងៃច័ន្ទ ទី១០ ខែតុលា ថា ការនាំចេញសរុបរបស់កម្ពុជា មានទំហំ១៧,២៥ពាន់លានដុល្លារ អំឡុងខែមករា ដល់ខែកញ្ញា ឆ្នាំនេះ ដោយកើនឡើង២២,១% ហើយការនាំចូលសរុបបានឈានដល់២៣,៧៦ពាន់លានដុល្លារ ដោយកើនឡើង១៥,២%។
លោកប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មមានប្រសាសន៍ថា កំណើននេះសម្រេចបាន ដោយសារតែការចាប់ផ្តើមឡើងវិញពេញលេញនូវសកម្មភាពសេដ្ឋកិច្ច- សង្គមនៅកម្ពុជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដែលរួមមានទាំងកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) ព្រមទាំងការកើនឡើង នូវតម្រូវការទូទាំងពិភពលោកផងដែរ។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំសម្បើមRCEP គ្របដណ្ដប់ប្រទេសជាច្រើន រួមមាន ប្រទេសព្រុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម ព្រមទាំងប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់។
លោកJoseph Matthews សាស្ត្រាចារ្យនៅសកលវិទ្យាល័យប៊ែលធី អន្តរជាតិ ក្នុងរាជធានីភ្នំពេញ មានប្រសាសន៍ថា កិច្ចព្រមព្រៀង RCEP ពិតជាបានជួយជំរុញ ឱ្យពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាកើនឡើង។
លោកបានប្រាប់ទីភ្នាក់ងារព័ត៌មានចិន Xinhua ថា គ្រប់ប្រទេសជាសមាជិកទាំងអស់បានទទួលផល និងបន្តទទួលផលចំណេញពីកិច្ចព្រមព្រៀង RCEP ជាពិសេសប្រទេសកម្ពុជា ឡាវ វៀតណាម និងមីយ៉ាន់ម៉ា៕ Xinhua៕