សម្តេចតេជោៈ រដ្ឋាភិបាលផ្អាកការរៀបចំព្រះរាជពិធីបុណ្យអុំទូដោយសារភាពមមាញឹកខ្លាំងនៃកិច្ចប្រជុំកំពូលអាស៊ាន

0

ដោយៈ សុផារី

ភ្នំពេញៈ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនៅឆ្នាំនេះ ត្រូវចំថ្ងៃទី៧ ទី៨ និងទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ ហើយក៏ជាពេលវេលាដែលកម្ពុជាមមាញឹកខ្លាំង ត្រូវបំពេញកាតព្វកិច្ចធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធផងដែរ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ បានបញ្ជាក់ជាថ្មីថា ការដែលរាជរដ្ឋាភិបាលផ្អាកការរៀបចំព្រះរាជពិធីបុណ្យអុំទូក នៅក្នុងឆ្នាំនេះ មិនមែនដោយសាររាជរដ្ឋាភិបាលខ្វះថវិកានោះទេ ប៉ុន្តែដោយសារតែរាជរដ្ឋាភិបាល មានការមមាញឹកខ្លាំងនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។

សម្តេចតេជោបញ្ជាក់ថា បើទោះបីជារាជរដ្ឋាភិបាល ផ្អាកការរៀបចំព្រះរាជពិធីបុណ្យអុំទូក នៅរាជធានីភ្នំពេញក្តី ក៏រាជរដ្ឋាភិបាល បានអនុញ្ញា​តឲ្យមានការរៀបចំពិធីបុណ្យអុំទូក នៅតាមបណ្តាខេត្ត ដែលពេលនេះមានខេត្តមួយចំនួនបានរៀបចំរួចហើយ និងខេត្តមួយចំនួនទៀតកំពុងត្រៀមរៀបចំផងដែរ។

ថ្លែងក្នុងឱកាសអញ្ជើញក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) ចំនួនជាង២ពាន់នាក់ នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា “អាស៊ានយើងត្រូវមានព្រឹត្តិការណ៍អមច្រើនណាស់ ហើយយើងរវល់ណាស់ មិនមែនរដ្ឋាភិបាល ហ៊ុន សែន ខ្វះលុយទេ។ ប៉ុន្តែបញ្ហាសន្តិសុខជាបញ្ហាធំ ដែលម្សិលមិញឯកឧត្តម វង្ស ពិសេន បានទទួលបទបញ្ជាលើបញ្ហាមួយចំនួន តាមផ្លូវទឹក និងផ្លូវអាកាស ធានាបាននូវសន្តិសុខ សម្រាប់កិច្ចប្រជុំដ៏ធំមួយ ដែលថ្នាក់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលបាល និងមេដឹកនាំនៃស្ថាប័នអន្តរជាតិមកចូលរួមច្រើន”។

សម្តេចបន្តថា “ម្សិលមិញគ្រាន់តែថ្ងៃចេញវស្សា នៅទីរួមខេត្តកំពង់ចាម គេប្រណាំងទូក និងកន្លែងដទៃទៀតសុទ្ធតែត្រៀមប្រណាំងទូក សូមអញ្ជើញនាំគ្នាទៅលេង ប៉ុន្តែសម្រាប់ទីក្រុងភ្នំពេញ ខ្ញុំសូមប្រជាជនមេត្តាខន្តី អភ័យទោសទុកឲ្យហើយ ពេលនោះភ្ញៀវច្រើនណាស់ ដែលធ្វើដំណើរមកចូលរួមប្រជុំ អីចឹងមិនថាចេញតាមផ្លូវណាទេ ដូច្នេះត្រូវបិទផ្លូវមួយចំនួន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here