ដោយ៖ វឌ្ឍនៈ
ភ្នំពេញ ៖ គម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ ស្ទើរតែរួចរាល់១០០ភាគរយទៅហើយ ហើយ បានជំរុញឱ្យតម្លៃដីធ្លី និងការអភិវឌ្ឍជុំវិញនោះកើនឡើងមួយកម្រិត។ ប៉ុន្តែរហូតមកដល់ពេលនេះ តម្លៃដីធ្លីនៅតាមបណ្ដោយផ្លូវក្រវ៉ាត់ក្រុងទី៣ មិនមានការប្រែប្រួលឡើយ គឺស្ថិតនៅក្នុងសភាពទ្រឹង ក្នុងឆ្នាំ២០២២នេះ។
អ្នកនាង គឹម គិនកេសា អ្នកគ្រប់គ្រុងជាន់ខ្ពស់នៃក្រុមហ៊ុនCBRE Cambodia បានឱ្យដឹងថា បើតាមការសង្កេតជាក់ស្ដែងតម្លៃ នៅតាមបណ្ដោយផ្លូវក្រវ៉ាត់ក្រុងទី៣ បានឡើងថ្លៃរួចទៅហើយ កាលពីគម្រោងនេះចាប់ផ្ដើមអភិវឌ្ឍន៍ដំបូងៗ ហើយក៏បានបន្តឡើងថ្លៃជាបន្តបន្ទាប់ និងមានការអភិវឌ្ឍដូចជាលំនៅឋាន រោងចក្រឧស្សាហកម្ម។ ប៉ុន្តែមកដល់ពេលនេះ តំបន់តាមបណ្ដោយផ្លូវក្រវ៉ាត់ក្រុងទី៣ស្ថិតនៅក្នុងសភាពទ្រឹង។
-->

អ្នកនាងបន្តថា “តំបន់ទាំងនោះមិនអាចឡើងថ្លៃបន្តទៀតបាននៅឡើយទេ ពីព្រោះក្នុងរយៈពេលជិត៣ឆ្នាំ ដែលពិភពលោកបានជួបនឹងវិបត្តិកូវីដ១៩ ហើយមកដល់ឆ្នាំ២០២២នេះក៏ជួបនឹងវិបត្តិសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនផង ដូច្នេះហើយតម្លៃដីធ្លីនឹងពិបាកឡើងថ្លៃបន្តទៀតណាស់”។
អ្នកនាងបន្ថែមថា “តំបន់តាមបណ្ដោយផ្លូវនោះ ជាតំបន់អភិវឌ្ឍន៍ទៅលើឧស្សាហកម្ម និងលំនៅឋានតិចតួច។ ដូច្នេះ ដីធ្លីសម្រាប់អភិវឌ្ឍន៍ឧស្សាហកម្មមិនអាចឡើងថ្លៃបានខ្ពស់បន្ថែមទៀតទេ លុះត្រាតែតំបន់នោះមានការអភិវឌ្ឍជាអ្វីបន្ថែមទៀត ទើបតម្លៃដីធ្លីបន្តឡើងថ្លៃ”។

អ្នកស្រី អាន សុធីតា នាយិកាប្រតិបត្តិក្រុមហ៊ុន PropNex Cambodia ក៏បានលើកឡើងថា តំបន់ប៉ែកខាងត្បូងជាពិសេសនៅតំបន់ផ្លូវក្រវ៉ាត់ក្រុង ក្នុងរយៈពេល៥ឆ្នាំទៅមុខទៀត មិនអាចឡើងថ្លៃខ្ពស់ទៀតនោះទេ គឺតម្លៃឡើងក្នុងកម្រិតតិចតួចប៉ុណ្ណោះ ពីព្រោះថាដីធ្លីនៅតំបន់នេះ វាបានឡើងថ្លៃរួចទៅហើយ កាលពីមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដំបូងៗ ហើយតំបន់នោះក៏ជាតំបន់អភិវឌ្ឍជាឧស្សាហកម្ម ដែលដីធ្លីអាចនឹងឡើងថ្លៃក្នុងកម្រិតតិចតួច។
លោក ប៉ូវ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុន Advance បានមានប្រសាសន៍ថា តម្លៃដីធ្លីនៅតាមបណ្ដោយផ្លូវក្រវ៉ាត់ក្រុងទី៣ បែងចែកទៅតាមកំណាត់នីមួយៗ។ ក្នុងនោះ ផ្លូវកប់ស្រូវ ឬវិថីឈ្នះៗជាតំបន់ ដែលមានការទាក់ទាញ ហើយតម្លៃដីធ្លីក៏ខ្ពស់ជាងកំណាត់ផ្លូវនៅតំបន់ផ្សេងៗផងដែរ៕
