សុខុម
តូក្យូ: ក្រុមហ៊ុន Nissan Motor Co Ltd បានទម្លាយឱ្យដឹងកាលពីថ្ងៃអង្គារ ទី១១ ខែតុលា ថា ខ្លួននឹងលក់អាជីវកម្មរបស់ខ្លួននៅរុស្ស៊ី ឱ្យទៅក្រុមហ៊ុនគ្រប់គ្រង ដោយរដ្ឋមួយក្នុងតម្លៃត្រឹមតែ១អឺរ៉ូ (០,៩៧ដុល្លារ) ដើម្បីចាកចេញពីប្រទេសនេះ ដោយត្រៀមខាតបង់ រហូតដល់ទៅប្រមាណ៦៨៧លានដុល្លារ។
ក្រុមហ៊ុនផលិតរថយន្តជប៉ុន មួយនេះបានផ្ទេរភាគហ៊ុនរបស់ខ្លួន នៅក្នុងក្រុមហ៊ុន Nissan Manufacturing Russia LLC ឱ្យទៅក្រុមហ៊ុន NAMI ដែលគ្រប់គ្រងដោយរដ្ឋ។ យោងតាមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មរុស្ស៊ី ឱ្យដឹងថា កិច្ចព្រមព្រៀងនេះនឹងផ្តល់ឱ្យក្រុមហ៊ុន Nissan នូវសិទ្ធិទិញយកអាជីវកម្មនេះ ត្រលប់មកវិញក្នុងរយៈពេល៦ឆ្នាំ។
-->

កិច្ចព្រមព្រៀងនេះធ្វើឱ្យក្រុមហ៊ុន Nissan ក្លាយជាក្រុមហ៊ុនអន្តរជាតិដ៏ធំចុងក្រោយបង្អស់ ដែលចាកចេញពីប្រទេសរុស្ស៊ី ចាប់តាំងពីរដ្ឋាភិបាលក្រុងម៉ូស្គូ បានបញ្ជូនទាហានរាប់ម៉ឺននាក់ ដើម្បីចូលឈ្លានពានប្រទេសអ៊ុយក្រែន កាលពីខែកុម្ភៈ ដើមឆ្នាំនេះ។
វាក៏ឆ្លុះបញ្ចាំងផងដែរនូវចំណាត់ការ ដោយម្ចាស់ភាគហ៊ុនកំពូលរបស់ Nissan គឺក្រុមហ៊ុនផលិតរថយន្តបារាំង Renault ដែលបានលក់ភាគហ៊ុនភាគច្រើនរបស់ខ្លួន នៅក្នុងក្រុមហ៊ុនផលិតរថយន្តរុស្ស៊ី Avtovaz ឱ្យទៅវិនិយោគិនរុស្ស៊ី ម្នាក់កាលពីខែឧសភា។

ក្រសួងដដែលនិយាយថា ការលក់អាជីវកម្មឱ្យទៅក្រុមហ៊ុន NAMI នឹងរួមបញ្ចូលទាំងទីតាំងផលិតកម្ម និងស្រាវជ្រាវរបស់ក្រុមហ៊ុន Nissan នៅ St Petersburg ព្រមទាំងមជ្ឈមណ្ឌលលក់ និងទីផ្សាររបស់ខ្លួននៅទីក្រុងមូស្គូ ផងដែរ។
ក្រុមហ៊ុន Nissan និយាយថា ខ្លួនរំពឹងថា នឹងទទួលរងការខាតបង់រហូតដល់ទៅ៦៨៧លានដុល្លារ ពីការដកខ្លួនចេញនេះ ប៉ុន្តែបានរក្សាការព្យាករប្រាក់ចំណូលរបស់ខ្លួន សម្រាប់ឆ្នាំសារពើពន្ធដែលនឹងបញ្ចប់ក្នុងខែមីនា ដើមឆ្នាំ២០២៣៕
