តើក្រុមហ៊ុនMetaដែលគ្រប់គ្រងFacebook ប្រឈមការដួលរលំ ខណៈតម្លៃហ៊ុនដាំក្បាលចុះ និងបិទការិយាល័យរបស់ខ្លូន?

0

ដោយ: លាងហួរ

អាមេរិក: ផ្សារហ៊ុនរបស់ក្រុមហ៊ុនMeta បានដាំក្បាលចុះជិត៦០ភាគរយ ដែលឆ្លុះបញ្ចាំងឱ្យឃើញពីភាពចលាចលទីផ្សារ និងការសង្ស័យរបស់អ្នកវិនិយោគមួយចំនួនដែលគិតថា Metaverse នឹងទទួលបានផលចំណេញខ្ពស់នៅពេលឆាប់ៗនេះ។

ការដាំក្បាលចុះនៃភាគហ៊ុនរបស់Meta អាចត្រូវបានចាត់ទុកថាជាសញ្ញាមួយ ដែលវិនិយោគិនមើលឃើញបញ្ហាប្រឈម ច្រើនជាងសក្ដានុពលនៅក្នុងអាជីវកម្មដែលមានស្រាប់របស់Meta ហើយមិនចាត់ទុកចក្ខុវិស័យ Metaverse ជាការជំនួសដែលអាចសម្រេចបាន។

តម្លៃភាគហ៊ុនរបស់Meta បានបិទនៅតម្លៃ១២៨,៥៤ដុល្លារប៉ុណ្ណោះក្នុងថ្ងៃទី១១ ខែតុលា។ កាលពីដំណាច់ខែកញ្ញា ក្រុមហ៊ុនបានប្រកាសថា ខ្លួននឹងផ្អាកការជួលភាគច្រើន ហើយលោកMark Zuckerberg បានព្រមានពីការបញ្ឈប់ការងារបុគ្គលិកអាចនឹងមកដល់។

ជាមួយគ្នានេះ ក្រុមហ៊ុនMetaក៏បានបាត់បង់អ្នករកចំណូលដ៏ធំម្នាក់​របស់ខ្លួន គឺលោកស្រី Sheryl Sandberg ដែលជាមនាយកប្រតិបត្តិ​របស់ Meta ហើយក្រុមហ៊ុននេះបានតែងតាំងលោក Javier Olivanជំនួស។

វិបត្តិនេះ បានកើតឡើងក្រោយពីចំនួនអ្នកប្រើប្រាស់ និងចំណូលរបស់ក្រុមហ៊ុនធ្លាក់ចុះក្រោយពីសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែនបានផ្ទុះឡើង។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Andy Stone អ្នកនាំពាក្យក្រុមហ៊ុន Meta បានមានប្រសាសន៍ថា “ក្រុមហ៊ុនជឿជាក់ថា ខ្លួននៅតែស្ថិតនៅលើផ្លូវត្រូវ”។

លោក Zuckerberg បានដំណើរការក្រុមហ៊ុនរបស់លោក ដោយជោគជ័យកាលពីមួយទសវត្សរ៍មុន ដោយផ្តោតលើរបៀបដែលផលិតផលរបស់ខ្លួន ដំណើរការលើស្មាតហ្វូនជំនួសឱ្យកុំព្យូទ័រលើតុ។ លោកបានបង្ហាញសញ្ញាពីការផ្លាស់ប្តូរស្រដៀងគ្នា កាលពីឆ្នាំមុនដោយលោកបាននិយាយថា ការវិនិយោគនៅក្នុង metaverse នឹងអនុញ្ញាតឱ្យ Meta ធ្វើឱ្យមានការផ្លាស់ប្តូរពីសម័យបច្ចេកវិទ្យាមួយទៅសម័យបន្ទាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here