ពលរដ្ឋអាមេរិកកំពុងជួបវិបត្តិការប្រាក់កម្ចីទិញផ្ទះហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន

0

ដោយៈ សុខុម

ញូវយ៉ក: អត្រាការប្រាក់ជាមធ្យម សម្រាប់កម្ចីទិញផ្ទះដ៏ពេញនិយមបំផុតនៅសហរដ្ឋអាមេរិក បានហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ២០០៦។

ខណៈនេះវិស័យលំនៅដ្ឋាន បន្តទទួលរងផលប៉ះពាល់ ពីការរឹតបន្តឹងលក្ខខណ្ឌហិរញ្ញវត្ថុ។ នេះបើយោងតាមទិន្នន័យពីសមាគមធនាគារផ្ដល់ប្រាក់កម្ចីទិញផ្ទះ (MBA) បានបង្ហាញកាលពីថ្ងៃពុធ ទី១២ ខែតុលា។

អត្រាការប្រាក់សម្រាប់កម្ចីទិញផ្ទះ បានហក់ឡើងខ្ពស់ជាងទ្វេរដងចាប់តាំងពីដើមឆ្នាំមក នៅពេលធនាគារកណ្តាលអាមេរិក (Federal Reserve) បន្តដំណើរឆ្ពោះទៅរកការដំឡើង អត្រាការប្រាក់យ៉ាងគំហុកឥតឈប់ឈរ ដើម្បីទប់អតិផរណាដែលហក់ឡើងខ្ពស់។

វិធានការទាំងនោះ ដែលរៀបចំឡើងដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ច ស្របពេលទំនិញឡើងថ្លៃឥតឈប់ឈរ បានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យលំនៅដ្ឋានដែលអត្រាការប្រាក់ងាយនឹងប្រែប្រួល។

អត្រាការប្រាក់ថេរជាមធ្យម សម្រាប់កម្ចីទិញផ្ទះរយៈពេល៣០ឆ្នាំ បានហក់ឡើង៦ពិន្ទុ ឈានដល់៦,៨១% សម្រាប់សប្តាហ៍ដែលបានបញ្ចប់ត្រឹមថ្ងៃទី៧ ខែតុលា ខណៈសន្ទស្សន៍ទីផ្សារ របស់សមាគមធនាគារផ្ដល់ប្រាក់កម្ចីទិញផ្ទះ (MBA) ដែលជារង្វាស់ នៃចំនួនពាក្យស្នើសុំកម្ចីទិញផ្ទះ បានធ្លាក់ចុះ២,០% ពីមួយសប្តាហ៍មុន ហើយបានធ្លាក់ចុះប្រហែល៦៩%ពីឆ្នាំមុន។

សន្ទស្សន៍ Purchase Index ដែលជារង្វាស់សម្រាប់ការដាក់ពាក្យស្នើសុំប្រាក់កម្ចី សម្រាប់ទិញផ្ទះសម្រាប់១គ្រួសារ រស់នៅបានធ្លាក់ចុះ២,១%ពីសប្តាហ៍មុន និងទាបជាង៣៩%ធៀបនឹងឆ្នាំមុន ខណៈសន្ទស្សន៍ហិរញ្ញវត្ថុ របស់សមាគមធនាគារផ្ដល់ប្រាក់កម្ចីទិញផ្ទះ (MBA) បានធ្លាក់ចុះ១,៨%កាលពីសប្ដាហ៍មុន និងធ្លាក់ចុះ៨៦%ពីមួយឆ្នាំមុន៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here