ដោយ៖ សុផារី
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីស្ដារកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចតំបន់អាស៊ាន ប្រកបដោយភាពធន់ និងចីរភាព អាស៊ានចាំបាច់ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការ និងបង្កើនការយកចិត្តទុកដាក់លើការគាំពារ និងអភិវឌ្ឍមូលធនមនុស្ស តាមរយៈកិច្ចការសំខាន់ៗចំនួន៤គួរយកចិត្តទុកដាក់ ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន បានមានប្រសាសន៍ក្នុងឱកាសអញ្ជើញជាអធិបតីបើកកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍ សង្គម-វប្បធម៌អាស៊ានលើកទី២៨ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០២២នេះ។
-->
សម្តេចតេជោ បានថ្លែងថា ដើម្បីស្ដារកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចតំបន់យើង ប្រកបដោយភាពធន់ និងចីរភាព អាស៊ានចាំបាច់ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការ និងបង្កើនការយកចិត្តទុកដាក់លើការគាំពារ និងអភិវឌ្ឍមូលធនមនុស្ស តាមរយៈ (១) ការធ្វើឌីជីថលូបនីយកម្ម (digitalization) ដោយផ្តល់អាទិភាពដល់ការជំរុញការចាប់យកបច្ចេកវិទ្យាឌីជីថលឱ្យបានទូលំទូលាយ (២) ការអភិវឌ្ឍ ប្រព័ន្ធសុខភាពសាធារណៈ និងប្រព័ន្ធគាំពារសង្គម ដើម្បីត្រៀមខ្លួនក្នុងការឆ្លើយតបទៅនឹងវិបត្តិនានា និង (៣) ការពង្រឹងវិស័យអប់រំ និងការអភិវឌ្ឍជំនាញ។
សម្តេចបានបន្តថា ដោយមើលឃើញពីសារៈសំខាន់នៃ ការជំរុញការកែទម្រង់ប្រព័ន្ធអប់រំ ការបណ្តុះបណ្តាល ជំនាញ និង ការស្តារឡើងវិញនូវការបាត់បង់ការសិក្សា (learning loss) ក្នុងរយៈកាលកន្លងមកនេះ កម្ពុជាបានផ្ដួចផ្ដើមរៀបចំសេចក្ដីណែនាំអំពី “ការបើកឡើងវិញ ការងើបឡើងវិញ និងភាពធនក្នុងវិស័យអប់រំ៖ សេចក្ដីណែនាំសម្រាប់ប្រទេសអាស៊ាន” ដើម្បីធានាថាកុមារ និងយុវជន ទាំងអស់នឹងទទួលបានការអប់រំប្រកបដោយគុណភាព និងសុវត្ថិភាព។ ជាមួយគ្នានេះ ជំងឺ កូវីដ-១៩ បានជំរុញការប្រែក្លាយការអប់រំជាប្រពៃណី ឱ្យទៅជាការអប់រំបែបឌីជីថលមួយជំហានទៀត។

លើសពីនេះទៀត សម្តេចបានលើកឡើងថា ការបន្តពង្រឹងការផ្សារភ្ជាប់រវាងប្រជាជន និងប្រជាជន ក៏ជាកិច្ចការអាទិភាពដ៏សំខាន់មួយ ដែលនឹងជួយលើកកម្ពស់ការយល់ដឹងពីគុណតម្លៃ និងអត្តសញ្ញាណ អាស៊ាននៅក្នុងស្រទាប់យុវជន ព្រមទាំងពង្រឹងតួនាទីរបស់យុវជនក្នុងការចូលរួមកសាងសហគមន៍អាស៊ាន ប្រកបដោយការទទួលខុសត្រូវ។ យុវជនក៏កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការទទួលយកបច្ចេកវិទ្យាថ្មីៗ នៅក្នុងបរិបទឧស្សាហកម្ម៤.០ផងដែរ ដែលនឹងក្លាយជាកាតាលីករ នៅក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចតំបន់។
សម្តេចតេជោបានលើកឡើងថា ដើម្បីជំរុញការចូលរួមកិច្ចអភិវឌ្ឍតំបន់យើងឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយ កម្ពុជាបានរៀបចំឡើងកិច្ចសន្ទនាយុវជនអាស៊ានលើកទី១ នៅខេត្តសៀមរាប ប្រទេសកម្ពុជា នាពេលថ្មីៗកន្លងទៅនេះ ដើម្បីផ្តល់វេទិកាឱ្យយុវជនអាស៊ានផ្លាស់ប្ដូរ ទស្សនៈជាមួយនឹងអ្នកធ្វើគោលនយោបាយ និងដៃគូសន្ទនាចម្បងៗផ្សេងទៀត ។ កម្ពុជាក៏បានផ្តួចផ្តើមរៀបចំដាក់ចេញនូវ “សេចក្ដីថ្លែងការណ៍មេដឹកនាំអាស៊ានស្តីពីឆ្នាំនៃយុវជនអាស៊ាន២០២២” ផងដែរ៕