សម្ដេចតេជោ ហ៊ុន សែន ជំរុញការបង្កើតក្របខណ្ឌកិច្ចព្រមព្រៀងបៃតងអាស៊ាន ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពនិងភាពប្រកួតប្រជែង

0

ដោយ៖ សុផារី

 

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានលើកឡើងដោយជំរុញជាថ្មីនូវ គំនិតផ្ដួចផ្ដើមស្ដីពីការបង្កើតក្របខណ្ឌកិច្ចព្រមព្រៀងបៃតងអាស៊ានដែលនឹងរួមចំណែកយ៉ាងសំខាន់ដល់ការជួយតម្រង់ទិសអាស៊ានចំពោះទៅរកអនាគតបៃតងប្រកបដោយចីរភាព និងភាពប្រកួតប្រជែង។

 

លើកឡើងនៅក្នុងពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍ សង្គម វប្បធម៌អាស៊ានលើកទី២៨ ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលានេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ណ្ណមិនអាចកាត់ផ្ដាច់ចេញពីការគិតគូរនូវការដោះស្រាយការគំរាមកំហែងនិងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុប្រកបដោយភាពបុរេសកម្មនោះទេ។

 

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងអំពីឧទាហរណ៍នៅពេលថ្មីៗនេះពេលដែលតំបន់អាស៊ានរងការបំផ្លិចបំផ្លាញពីព្យុះទីហ្វុងដែលធ្វើឲ្យខូចខាតដល់សេដ្ឋកិច្ចនៅក្នុងតំបន់ និងបាត់បង់អាយុជីវិតប្រជាជនជាច្រើន។ ក្នុងន័យនេះសម្ដេចជំរុញឲ្យមានការគិតគូរជាថ្មីទៀតលើក្របខ័ណ្ឌកិច្ចព្រមព្រៀងបៃតងអាស៊ានដែលនឹងរួមចំណែកយ៉ាងសំខាន់ដល់ការជួយតម្រង់ទិសអាស៊ានចំពោះទៅរកអនាគតបៃតងប្រកបដោយចីរភាពនិងភាពប្រកួតប្រជែង។

 

សម្តេចជឿជាក់ថា កិច្ចព្រមព្រៀងបៃតងអាស៊ាននេះ នឹងអនុញ្ញាតឲ្យតំបន់អាស៊ាន អាចប្រែក្លាយខ្លួនបន្តិចម្តងៗ ឆ្ពោះទៅកាន់អនាគតបៃតង ដែលមានចីរភាព ការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព ភាពធន់រឹងមាំ និងភាពប្រកួតប្រជែងក្នុងផ្នែកសេដ្ឋកិច្ច៕

LEAVE A REPLY

Please enter your comment!
Please enter your name here