ដោយ: លាងហួរ
អឺរ៉ុប: បណ្តារដ្ឋមន្ត្រីថាមពលសហភាពអឺរ៉ុប (EU) បានបើកកិច្ចប្រជុំក្រៅផ្លូវការមួយកាលពីថ្ងៃពុធម្សិលមិញនេះ ដើម្បីពិភាក្សាអំពីដំណោះស្រាយសម្រាប់តម្លៃឧស្ម័ន ការរៀបចំស្ថានភាពស្តុកថាមពលក្នុងរដូវរងានេះ និងការពិនិត្យឡើងវិញ ដែលអាចកើតមាននៃទីផ្សារអគ្គិសនី។
ការពិភាក្សានេះ មានគោលបំណងកំណត់សំណើ នីតិបញ្ញត្តិរបស់គណៈកម្មការអឺរ៉ុបស្តីពី ការទិញឧស្ម័នរួមគ្នា និងការកំណត់តម្លៃដែលអាចកើតមាន នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលចេញដោយប្រធានសហភាពអឺរ៉ុបរបស់ប្រទេសឆេកបន្ទាប់ពីកិច្ចប្រជុំ។
-->

លោក Jozef Sikela រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនៃប្រទេសឆេកបាននិយាយថា នៅក្នុងផ្នែកដំបូងនៃកិច្ចប្រជុំនេះ យើងបាន ផ្តោតទៅលើបញ្ហាតម្លៃឧស្ម័ន និងការស្វែងរកដំណោះស្រាយដ៏មានប្រសិទ្ធិភាពរហ័ស ហើយការពិភាក្សាលើប្រធានបទនេះ មិនងាយស្រួលនោះទេ ខណៈប្រទេសនីមួយៗ មានលក្ខខណ្ឌខុសៗគ្នា ច្បាប់ផ្សេងៗគ្នា ផលប្រយោជន៍ផ្សេងៗគ្នា ប៉ុន្តែវាមានសារៈសំខាន់ណាស់ ព្រោះយើងត្រូវកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ច។
លោក Jozef Sikela បានរំពឹងថា គណៈកម្មាការអឺរ៉ុបនឹងយកការពិភាក្សានេះ មកពិចារណាក្នុងអំឡុងពេលរៀបចំសំណើ នីតិបញ្ញត្តិលើបញ្ហានេះ។ វាគួរតែត្រូវបានផ្សព្វផ្សាយ ដោយគណៈកម្មាការនៅសប្តាហ៍ក្រោយ ហើយលោកជឿជាក់ថា យើងនឹងអាចពិភាក្សាបញ្ហានេះ នៅក្រុមប្រឹក្សាថាមពលផ្លូវការនៅថ្ងៃទី២៥ខែតុលា នៅប្រទេសលុចសំបួរ៕