រដ្ឋាភិបាលគ្រោងសាងសង់ផ្សារចំនួន៨នៅតំបន់អភិវឌ្ឍន៍ជាទីក្រុង ធម្មជាតិរុនតាឯក

ចែករំលែក

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ក្រុមការងាររដ្ឋាភិបាលដឹកនាំដោយ លោកជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បាននិងកំពុងសម្រុក រៀបចំអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ថ្មី ដែលរដ្ឋាភិបាលរៀបចំជូនពលរដ្ឋស្ម័គ្រចិត្ត ចេញពីតំបន់អភិរក្សទៅតាំងទីលំនៅឋានភូមិរុនតាឯក។

រដ្ឋាភិបាលក៏មានគម្រោងសាងសង់ផ្សារ រហូតដល់៨ទីតាំង ដើម្បីសម្រួលដល់ប្រជាពលរដ្ឋទៅរស់នៅតំបន់នោះ ឲ្យមានមុខរបរអាជីវកម្មសម្រាប់ប្រាក់ចំណូល។

លោកជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឲ្យដឹងថា ក្រុមការងារកំពុងរៀបចំគម្រោងសាងសង់ផ្សារ ចំនួន៨នៅតំបន់អភិវឌ្ឍន៍ ភូមិធម្មជាតិរុនតាឯក ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ក្រៅពីនេះដែរ នៅក្នុងតំបន់នោះក៏មានគម្រោងសាងសង់សាលារៀនសម្រាប់កូនចៅបងប្អូន ប្រជាពលរដ្ឋទៅរស់នៅតំបន់នោះ មានសាលារៀននៅជិតផ្ទះ ទទួលចំណេះដឹងនិងបន្តការសិក្សានៅថ្នាក់ខ្ពស់បន្តទៀត។

លើសពីនេះទៅទៀត ក្រុមការងារក៏កំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅក្នុងតំបន់នោះ ដូចជាប្រព័ន្ធភ្លើងសម្រាប់ប្រើប្រាស់ របស់ប្រជាពលរដ្ឋហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ជាដើម។

លោកជា សុផារ៉ាឱ្យដឹងទៀតថា ចាប់តាំងពីពេលចាប់ផ្ដើមដំបូងដែលប្រកាសឱ្យពលរដ្ឋស្ម័គ្រចិត្តទៅរស់នៅតំបន់ថ្មី ភូមិរុនតាឯក មកដល់ថ្ងៃទី១២ តុលា ២០២២ មានពលរដ្ឋចំនួន៨៤៩៤គ្រួសារហើយដែលបានស្ម័គ្រចិត្តមកចាប់ឆ្នោតយល់ព្រមទៅរស់នៅតំបន់ថ្មីនោះ ។

លោកបន្ថែមថា សម្រាប់ប្រជាពលរដ្ឋដែលរស់នៅ ក្នុងឃុំព្រះដាក់ស្រុកបន្ទាយស្រី ដែលមិនចង់ចាកចេញទៅរស់នៅតំបន់ថ្មីនោះ ក៏មិនថាអីដែរ តែសូមឱ្យពលរដ្ឋក្នុងតំបន់នេះ ជួយទប់ស្កាត់ការសាងសង់សំណង់ថ្មីៗដែលប៉ះពាល់ដល់តំបន់អភិរក្ស និងចូលរួមទប់ស្កាត់ការហូរចូលនៃអ្នកចំណូលថ្មី មកពីតំបន់ផ្សេងពីបណ្ដាខេត្តផ្សេងចូលមកក្នុងតំបន់នោះ។

សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍កន្លងមកថា ពលរដ្ឋដែលមករស់នៅក្នុងតំបន់អភិវឌ្ឍន៍ ភូមិរុនតាត្រូវបានយកចិត្តទុកដាក់ ទាំងសុខុមាលភាព និងជីវភាពរស់នៅ ហើយពលរដ្ឋក្នុងតំបន់នេះនឹងត្រូវរៀបចំបណ្ណក្រីក្រជូនគ្រប់គ្នា ដូច្នេះនៅពេលត្រូវចូលមន្ទីរពេទ្យ ឬសេវាណាមួយពីរដ្ឋនឹងត្រូវបានយកចិត្តទុកដាក់ខ្ពស់៕


ចែករំលែក