ដោយ: លាងហួរ
អាស៊ីៈ រដ្ឋាភិបាលនៃបណ្តាប្រទេសនានាក្នុងអាស៊ី បានចំណាយប្រាក់បម្រុងប្តូររូបិយប័ណ្ណបរទេស ប្រហែល៥០ពាន់លានដុល្លារ កាលពីខែកញ្ញា ដើម្បីការពាររូបិយប័ណ្ណរបស់ពួកគេ ពីការកើនឡើងឥតឈប់ឈរនៃប្រាក់ដុល្លារ។
ក្រុមហ៊ុន Exante Data Inc ដែលជាក្រុមហ៊ុនជំនាញក្នុងការតាមដានលំហូរមូលធនពិភពលោក បានប៉ាន់ប្រមាណថា បណ្តាប្រទេសអាស៊ីដែលកំពុងរីកចម្រើន ដោយមិនរាប់បញ្ចូលប្រទេសចិន បានចំណាយប្រាក់ជិត៣០ពាន់លានដុល្លារ ជាមួយនឹងការលក់ប្រាក់ដុល្លារ ក្នុងទីផ្សារនៅក្នុងខែកញ្ញាតែមួយ។ ចំនួននេះកើនឡើងដល់៥០ពាន់លានដុល្លារ នៅពេលដែលប្រទេសជប៉ុនត្រូវបានរួមបញ្ចូល។
-->

ការលក់ប្រាក់ដុល្លារក្នុងតំបន់ ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំនេះ បានកើនឡើងដល់ប្រមាណ៨៩ពាន់លានដុល្លារ រួមទាំងប្រទេសជប៉ុនផងដែរ ដែលជារយៈពេលសកម្មបំផុត សម្រាប់ការចំណាយប្តូរប្រាក់បរទេសគិតចាប់តាំងពីយ៉ាងហោចណាស់ឆ្នាំ២០០៨មក។
ក្រុមហ៊ុននេះ ផ្អែកលើការប៉ាន់ប្រមាណរបស់ខ្លួន លើទិន្នន័យពីធនាគារកណ្តាល និងអាជ្ញាធររដ្ឋាភិបាលផ្សេងទៀត ហើយកែតម្រូវវាសម្រាប់ការផ្លាស់ប្តូរអត្រាប្តូរប្រាក់បរទេស។
ការកើនឡើងនេះ កើតឡើងនៅពេលដែលសន្ទស្សន៍ Bloomberg Dollar Spot Index ដែលវាស់វែងប្រាក់ដុល្លារ ធៀបនឹងកញ្ចប់រូបិយប័ណ្ណសំខាន់ៗផ្សេងទៀត កំពុងជួញដូរក្នុងកម្រិតខ្ពស់គ្រប់ពេលវេលា បន្ទាប់ពីការកើនឡើងអត្រាការប្រាក់ដ៏ខ្លាំងក្លាបំផុត មិនធ្លាប់មានចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០មក។
ការកើនឡើងនៃប្រាក់ដុល្លារ បានកាត់បន្ថយតម្លៃស្តុកនៃរូបិយប័ណ្ណផ្សេងទៀត នៅក្នុងផលប័ត្ររបស់បណ្តាធនាគារកណ្តាល នៅប្រទេសផ្សេងៗ៕
