ភ្នំពេញ៖ ក្រុមអ្នកជំនាញមកពីវិស័យទេសចរណ៍ បានអបអរនឹងការសម្រេចរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបញ្ចប់ការយកលុយឡើងរមណីយដ្ឋានបូកគោ ដែលនឹងចាប់ផ្តើមពីថ្ងៃទី១៥ តុលាខាងមុខនេះ។

ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាលោក ហូ វណ្ឌី បានថ្លែងឲ្យដឹងតាមទូរស័ព្ទនៅល្ងាចថ្ងៃទី០៩ តុលានេះថា លោកសូមចូលរួមអបអរសាទរចំពោះសេចក្តីសម្រេចរបស់សម្តេច ដែលលែងឲ្យប្រជាពលរដ្ឋបង់ថ្លៃសំបុត្រពេលឡើងកម្សាន្តនៅលើរមណីយដ្ឋានភ្នំបូកគោ នៅពេលឆាប់ៗខាងមុខនេះ។ លោកបន្តថា ការបញ្ចប់ការយកថ្លៃសំបុត្រឡើងកម្សាន្ត នៅលើរមណីយដ្ឋាននេះជាការល្អ ដែលប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍អាចទៅទស្សនាកម្សាន្តកាន់តែច្រើន ក៏ដូចជាជួយទាក់ទាញអ្នកវិនិយោគបន្ថែមផងដែរ ប៉ុន្តែប្រសិនជាមានគម្រោងវិនិយោគថ្មី សូមឲ្យជាការវិនិយោគបែបទេសចរណ៍កែច្នៃ ដើម្បីកុំឲ្យមានការបំផ្លាញបរិស្ថាននៅតំបន់នោះ។
-->

នៅលើទំព័របណ្តាញទំនាក់ទំនងសង្គមហ្វេសបុកនាល្ងាចថ្ងៃដដែលនេះ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាល មានសេចក្តីរីករាយ សូមជម្រាបជូនដល់សាធារណជនឱ្យបានជ្រាបថា ក្រុមហ៊ុនសុខា អូតែល បានស្ម័គ្រចិត្តឈប់លក់សំបុត្រយកថ្លៃចូលឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» និងរមនីយដ្ឋានបូកគោ ដែលនឹងចូលជាធរមាន ចាប់ពីវេលាម៉ោង ០០:០០ នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ តទៅ។

សម្តេចបានបន្តថា ការឈប់លក់សំបុត្រយកថ្លៃចូលឧទ្យានជាតិនេះ នឹងជួយសម្រួលដល់បងប្អូនជនរួមជាតិ ក៏ដូចជាភ្ញៀវទេសចរណ៍ទាំងអស់បានឡើង ទៅទស្សនាកម្សាន្ដនៅលើតំបន់រមណីយដ្ឋានប្រវត្តិសាស្ដ្រ ជាពិសេសបានទស្សនាទេសភាពដ៏ស្រស់ត្រកាលនិងសែនមនោរម្យ និងស្វែងយល់អំពីប្រភេទសត្វ និងរុក្ខជាតិដ៏មានតម្លៃ ដែលមាននៅក្នុងតំបន់ឧទ្យានជាតិ។ បងប្អូនជនរួមជាតិ នឹងមានភាពងាយស្រួលក្នុងការធ្វើដំណើរឡើងទៅកាន់តំបន់រមណីយដ្ឋានបូគោ ដើម្បីស្វែងយល់ពីហេដ្ឋារចនាសម្ព័ន្ធវប្បធម៌ និងសាសនា ក៏ដូចជាការគោរពប្រតិបត្តិពិធីប្រពៃណីសាសនានៅលើតំបន់ប្រវត្តិសាស្ដ្រនេះ។ សម្តេចបន្តថា “ខ្ញុំព្រះករុណាខ្ញុំសង្ឃឹមថា ដំណោះស្រាយនេះ ក៏នឹងជួយជំរុញឱ្យសកម្មភាពទេសចរណ៍នៅតំបន់ឧទ្យានជាតិព្រះមុនីវង្ស «បូគោ» ក៏ដូចជានៅរបៀងទេសចរណ៍ភាគខាងត្បូង ជាពិសេសតំបន់ឆ្នេរ មានការកើនឡើងបន្ថែមទៀត សំដៅរួមចំណែកដល់សេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅរបស់ប្រជាសហគមន៍ក្នុងមូលដ្ឋាន។

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានថ្លែងថា ការយកថ្លៃសំបុត្រឡើងភ្នំបូកគោកន្លងមក មួយផ្នែកសម្រាប់ប្រើប្រាស់ក្នុងការទ្រទ្រង់បរិស្ថាន ប៉ុន្តែការសម្រេចរបស់សម្តេចតេជោ ក្នុងការបញ្ចប់ការយកថ្លៃសំបុត្រឡើងទស្សនារមណីយដ្ឋាននេះ ជាការល្អដែលប្រជាពលរដ្ឋទៅទស្សនាអាចស ន្សំលុយបានខ្លះ និងជាការជំរុញអ្នកទេសចរណ៍ជាតិ អន្តរជាតិឡើងកម្សាន្តនៅរមណីយដ្ឋាននេះកាន់តែច្រើនផងដែរ។

លោកបន្តថា “ខ្ញុំគិតថាប្រជាពលរដ្ឋនឹងចាប់អារម្មណ៍ច្រើន និងទៅកម្សាន្តកាន់តែច្រើន”៕








ដោយគង់ សូរិយា