ដោយៈ សុខុម
ហុងកុង: លោក John Lee Ka-chiu មេដឹកនាំថ្មីនៃក្រុងហុងកុង ត្រូវបានរំពឹងថា នឹងប្រកាសចាប់ផ្ដើមគម្រោង ហេដ្ឋារចនាសម្ព័ន្ធធំៗអំឡុងសុន្ទរកថារបស់លោកស្ដីពី គោលនយោបាយក្នុងពេលដ៏ខ្លីខាងមុខនេះ ក្នុងគោលបំណងស្តារសេដ្ឋកិច្ចឡើងវិញ និងបង្កើតការងារថ្មីៗរាប់សែនកន្លែង។
សារព័ត៌មាន South China Morning Post បានចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី១៧ ខែតុលា ដោយដកស្រង់ប្រភពថា លោក John Lee Ka-chiu នឹងប្រកាសគម្រោងធំៗចំនួន៦ ដោយក្នុងនោះ៣ជាគម្រោងផ្លូវដែក ហើយ៣ទៀតជាគម្រោងផ្លូវហាយវ៉េ។
-->
គម្រោងទាំងនោះ រួមមាន ទាំងគម្រោងផ្លូវដែកប៉ែកខាងលិចហុងក្រុង-ស៊ឹនជិន (Hong Kong-Shenzhen West Rail Link) ដែលតភ្ជាប់តំបន់ Hung Shui Kiu និង Qianhai ដែលជាតំបន់សេដ្ឋកិច្ចនៅទីក្រុងស៊ឹនជិន (Shenzhen) ផងដែរ។

រដ្ឋាភិបាលក្រុងប៉េកាំង មានមហិច្ឆតាប្រែក្លាយតំបន់ Qianhai ទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់ពិភពលោក នៅត្រឹមឆ្នាំ២០៣៥ ជាមួយនឹងផែនការពង្រីកតំបន់សេដ្ឋកិច្ចពីនេះ ពីទំហំ១៤,៩គីឡូម៉ែត្រការ៉េ (៣.៧០៦ហិកតា) ទៅ១២០,៦គីឡូម៉ែត្រការ៉េ។
ក្រុមមន្ត្រីចិនដីគោកនិយាយថា ផែនការនេះបានផ្តល់ក្ដីសង្ឃឹមថ្មីដល់ក្រុងហុងកុង ក្នុងការស្ដារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ និងបង្កើតឱកាសថ្មីៗសម្រាប់យុវជន។
ប្រភពមួយបានទម្លាយប្រាប់សារព័ត៌មាន South China Morning Post ថា គម្រោងផ្លូវដែកឆ្លងកាត់ព្រំដែននេះ គឺជាការបណ្តាក់ទុនរួមគ្នារវាងរដ្ឋាភិបាលហុងកុង និងក្រុងស៊ឹនជិន ដោយភាគីទាំង២ទទួលបន្ទុកចំណាយលើការសាងសង់នៅខាងទឹកដីរបស់ខ្លួនរៀងៗខ្លួន។
ប្រភពដដែលបានបន្ថែមថា “គម្រោងនេះ នឹងត្រូវដាក់ជូនប្រឹក្សានីតិ ប្បញ្ញត្តិក្នុងពេលឆាប់ៗនេះ មុននឹងឈានដល់ការហៅក្រុមហ៊ុនមកដេញ ថ្លៃ”។
គម្រោងសំខាន់មួយទៀត គឺផ្លូវដែក Central Railway ដែលជាផ្លូវកាត់រវាងតំបន់ New Territories East និងតំបន់ New Territories West។
គំនិតផ្តួចផ្តើមផ្សេងៗទៀត ដែលលោក John Lee Ka-chiu អាចនឹងប្រកាសក្នុងពេលជាមួយគ្នាដែរ គឺការសាងសង់ពង្រីកបន្ថែមនូវខ្សែផ្លូវដែក Tseung Kwan O Line ដែលគេរំពឹងថា នឹងចាប់ផ្ដើមនៅចុងឆ្នាំនេះ៕ South China Morning Post៕
