ដោយៈ សុខុម
ហុងកុង: ទោះបីជាសេដ្ឋកិច្ចរបស់មហាយក្សចិន ត្រូវបានហ៊ុមព័ទ្ធដោយបញ្ហាជាច្រើន រាប់ចាប់ពីវិបត្តិអចលនទ្រព្យ រហូតដល់ភាពអត់ការងារធ្វើរបស់យុវជន។
យ៉ាងណាក្ដី ក៏លោកប្រធានាធិបតីស៊ី ជីនភីង មិនបានផ្តល់នូវគំនិតដ៏សំខាន់គួរឱ្យស្ញប់ស្ញែងណាមួយ ដើម្បីស្ដារសេដ្ឋកិច្ចប្រទេសនេះឡើងវិញឡើយ អំឡុងសុន្ទរកថាបើករយៈពេល២ម៉ោងរបស់លោក ក្នុងសមាជបក្សកុម្មុយនីស្តចិន កាលពីថ្ងៃអាទិត្យ ទី១៦ ខែតុលា។
តាមការរំពឹងទុកថា មេដឹកនាំចិនរូបនេះ នឹងបន្តកាន់តំណាចអាណត្តិទី៣ មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ នៅឯសមាជបក្សរយៈពេលមួយសប្ដាហ៍។ បញ្ហាអាទិភាពនានាដែលត្រូវបានធ្វើបទបង្ហាញ ក្នុងសមាជដែលមានសមាជិកគណបក្សជាង២.០០០នាក់ចូលរួមនេះ ក៏នឹងកំណត់មាគ៌ារបស់ប្រទេសចិន សម្រាប់រយៈពេល៥ឆ្នាំខាងមុខ ឬយូរជាងនេះផងដែរ។
នៅក្នុងសុន្ទរកថារបស់លោក កាលពីថ្ងៃអាទិត្យ ទី១៦ ខែតុលា លោក ស៊ី ជីនភីង បានលើកឡើងដោយទំនុកចិត្តខ្ពស់ ដោយលោកបានសង្កត់ធ្ងន់ពីភាពខ្លាំងក្លា និងឥទ្ធិពលកើនឡើងយ៉ាងសម្បើម របស់មហាយក្សចិន ក្រោមការដឹកនាំរបស់លោកក្នុងពេល១ទសវត្សរ៍មកនេះ។
ទន្ទឹមនេះលោកក៏បានគូសបញ្ជាក់ម្តងហើយ ម្តងទៀតផងដែរអំពីហានិភ័យ និងបញ្ហាប្រឈមដែលប្រទេសចិន ដែលត្រូវប្រឈមមុខ ដោយក្នុងនោះរួមមានទាំងវិបត្តិកូវីដ-១៩ បញ្ហាក្រុងហុងកុង និងបញ្ហាកោះតៃវ៉ាន់ ដែលលោកអះអាងថា ប្រទេសចិន បានទទួលជ័យជម្នះផងដែរ។
ទោះជាយ៉ាងណា អ្នកជំនាញមានការព្រួយបារម្ភ ដែលលោក ស៊ី ជីនភីង មិនបានផ្តល់សញ្ញាណាមួយបង្ហាញ ពីការងាកចេញពីគោលនយោបាយសូន្យកូវីដ-១៩ ដ៏តឹងរឹងរបស់ប្រទេសនេះ ឬជំហរគ្រប់គ្រងដ៏តឹងរឹងរបស់ខ្លួនលើអាជីវកម្មនានា ដែលចំណុចទាំង២នេះ បានរារាំងដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះ ដែលជាសេដ្ឋកិច្ចធំបំផុតទី២របស់ពិភពលោក។
មហាយក្សចិន គឺជាសេដ្ឋកិច្ចដ៏ធំចុងក្រោយរបស់ពិភពលោក ដែលនៅតែអនុវត្តវិធានការសូន្យកូវីដ-១៩ ដ៏តឹងរ៉ឹងដែលមានគោលបំណងលុបបំបាត់ប្រភពចម្លង តាមរយៈការរឹតបន្តឹងតាមព្រំដែន ការធ្វើតេស្តកូវីដទ្រង់ទ្រាយធំ ការធ្វើចត្តាឡីស័កយ៉ាងទូលំទូលាយ និងការបិទខ្ទប់ដែលមិនមានការសម្របសម្រួលបាន៕ CNN៕