ដោយៈ សុផារី
ភ្នំពេញៈ ការកើនឡើងខ្ពស់នៃអតិផរណា នៅក្នុងពិភពលោក ជាពិសេនៅក្នុងប្រទេសកម្ពុជា បានជះឥទ្ធិពលជាទូទៅលើកំណើនសេដ្ឋកិច្ច ខ្សែសង្វាក់ផលិតកម្ម និងជាពិសេសជីវភាពប្រចាំថ្ងៃរបស់ប្រជាជនផ្ទាល់។ និន្នាការនេះ ក៏បន្តសាយភាយឥទ្ធិពលដល់អំណាច នៃការទិញលក់ជួលនៃទីផ្សារលក់រាយនៅក្នុងទីក្រុងភ្នំពេញ។
អ្នកនាង ជិន ដាលុច្ស ប្រធានផ្នែកវាយតម្លៃនៃក្រុមហ៊ុន CBRE Cambodia បានឱ្យដឹងកាលពីសប្តាហ៍មុនថា “អតិផរណាខ្ពស់ពិតជាបានជះឥទ្ធិពល ដល់អំណាចការទិញអចលនទ្រព្យនៅកម្ពុជា ជាទូទៅ មិនត្រឹមតែទីផ្សារលក់រាយប៉ុណ្ណោះទេ”។
-->

អ្នកនាងបន្តថា “សម្រាប់ទីផ្សារលក់រាយនៅក្នុងក្រុងភ្នំពេញ លើអំណាចទិញលក់ជួល space លក់រាយដាច់ដោយឡែក (strata title) វារងផលប៉ះពាល់តាំងពីមុនវិបត្តិអតិផរណាម្ល៉េះ ភាគច្រើនដោយសារតែការផ្គត់ផ្គង់ និង តម្រូវការជាក់ស្តែងបានធ្លាក់ចុះ”។
ឆ្លើយតបនឹងសំណួរថា តើនឹងមានស្លាកយីហោអន្តរជាតិថ្មីបោះជំហានចូលមកកាន់ទីផ្សារកម្ពុជាដែរឬទេ អ្នកនាងរំពឹងថា “យើងពិតជាបានឃើញថាមានស្លាកយីហោអន្តរជាតិជាច្រើន បានចូលមកកាន់ទីផ្សារកម្ពុជាពិតមែន។ ជាពិសេសការបើកដំណើរការនៃផ្សារទំនើបធំៗ ចំនួនពីរ នឹងមានសមត្ថភាពក្នុងការស្រូបយកម៉ាកល្បីៗ ទាំងក្នុងស្រុកនិងក្រៅស្រុកជាច្រើន”។
យោងតាមរបាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia ចេញផ្សាយនៅដើមខែតុលា ឆ្នាំនេះ បានបង្ហាញថា ក្នុងរយៈពេលពេញមួយត្រីមាសទី៣ ឆ្នាំ២០២២ មានម៉ាកផលិតផលល្បីៗ ទាំងក្នុងស្រុកនិងក្រៅស្រុកចំនួន១០ បានឈានជើងចូលមកក្នុងទីផ្សារលក់រាយ នៅក្នុងក្រុងភ្នំពេញ៕
