ដោយ៖ សុផារី
ភ្នំពេញ៖ ប្រទេសកម្ពុជា និងវៀតណាមបានប្តេជ្ញាបន្តពង្រឹងទំនាក់ទំនងរវាងបក្ស និងប្រទេសទាំងពីរឱ្យកាន់តែមានភាពស៊ីជម្រៅ ជាពិសេសបន្តពង្រឹងលើកិច្ចការងាររួមគ្នាលើវិស័យការពារជាតិ ពង្រឹងលើការវិនិយោគ និងពាណិជ្ជកម្ម នៅតាមខេត្តតាមព្រំដែន។
លោក វ៉ូ វ៉ាន់ធឿង (Vo Van Thuong) សមាជិកការិយាល័យនយោបាយ និងជាលេខាធិការអចិន្ត្រៃយ៍នៃគណលេខាមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម បានបង្ហាញការប្តេជ្ញាជាមួយកម្ពុជាក្នុងឱកាសដែលលោកបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួនជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២។
លោក វ៉ូ វ៉ាន់ធឿង បានបង្ហាញគោលបំណងចង់ពង្រីក និងពង្រឹងទំនាក់ទំនងរវាងបក្ស និងប្រទេសឱ្យកាន់តែខ្លាំងឡើង។ លោកក៏បានស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាលក្នុងការជំរុញការផ្លាស់ប្តូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំរបស់បក្សទាំងពីរ។
ជាមួយគ្នានេះលោកក៏ជំរុញទំនាក់ទំនងរវាងខេត្ត និងរាជធានីរបស់ខេត្តទាំងពីរ និងជំរុញកិច្ចប្រតិបត្តិការលើវិស័យការពារជាតិ សន្តិសុខ វិស័យវិនិយោគ ពាណិជ្ជកម្ម រួមទាំងជំរុញកិច្ចប្រតិបត្តិការលើក្របខណ្ឌតំបន់ និងពិភពលោក។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានគាំទ្រចំពោះសំណើរបស់ភាគីវៀតណាម ដែលលើកឡើងខាងលើ។ សម្តេចតេជោបានលើកឡើងថា ការងារជាអាទិភាពគឺជំរុញកិច្ចសហប្រតិបត្តិការរវាងខេត្ត និងខេត្តតាមព្រំដែនឱ្យបានល្អ ជាពិសេស បញ្ហាសន្តិសុខ សម្រួល និងដោះស្រាយលំហូរទំនិញ សម្រួលការធ្វើពាណិជ្ជកម្ម និងទប់ស្កាត់អំពើខុសច្បាប់ ដូចជាការជួញដូរ ការរត់ពន្ធគ្រឿងញៀន និងរត់ពន្ធមនុស្សជាដើម៕