ដោយ៖ សុផារី
អឺរ៉ុប-អាស៊ាន៖ សហភាពអឺរ៉ុប និងអាស៊ាន នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ម្សិលមិញនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវអាកាសដ៏សំខាន់មួយ ហៅកាត់ថា ASEAN-EU CATA ដែលនឹងបើកឱកាសដឹកជញ្ជូនតាមផ្លូវអាកាសកាន់តែច្រើន និងបង្កើនការតភ្ជាប់ដោយផ្ទាល់រវាងតំបន់ទាំងពីរ។
លោក ស៊ិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានមានប្រសាសន៍ប្រាប់ Property Area Asia នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២នេះថា កិច្ចព្រមព្រៀងនេះនឹងផ្តល់ឱកាសកាន់តែច្រើន សម្រាប់ក្រុមហ៊ុនអាកាសចរណ៍នៃអាស៊ាន និងសហភាពអឺរ៉ុប ក្នុងប្រតិបត្តិការសេវាដឹកអ្នកដំណើរ និងទំនិញរវាង និងលើសពីតំបន់ទាំងពីរ ដែលនឹងជួយជំរុញការស្តារឡើងវិញ នៃការតភ្ជាប់ផ្លូវអាកាសរវាងតំបន់ទាំងពីរ បន្ទាប់ពីជំងឺកូវីដ១៩។ សម្រាប់អ្នកដំណើរនឹងមានជម្រើសគោលដៅកាន់តែច្រើន និងជម្រើសនៃការធ្វើដំណើរជាច្រើនទៀតរវាងអាស៊ីអាគ្នេយ៍ និងអឺរ៉ុប។
-->
លោកបានបន្តថា កិច្ចព្រមព្រៀងនេះបើកចំហរជើងហោះហើរដឹកទំនិញឥតដែនកំណត់ ដោយឡែកជើងហោះហើរដឹកអ្នកដំណើរមានចំនួន១៤ជើងក្នុងមួយសប្តាហ៍ ទៅកាន់អាកាសយានដ្ឋានដែលទទួលបានការអនុញ្ញាតិ។ កន្លងមក មានការកំណត់ចំនួនជើងនៃការហោះហើររវាងប្រទេសមួយនិងប្រទេសមួយ ក្នុងគោលបំណងដើម្បីការពារផលប្រយោជន៍នៃប្រទេសរបស់គេ ប៉ុន្តែនាពេលបច្ចុប្បន្ននេះមានការបើកចំហរបណ្តើរៗហើយ។
លោកបញ្ជាក់ថា “ការបើកទូលាយ និងការដករបាំងបម្រាបហាមឃាត់នានា តាមរយៈកិច្ចព្រមព្រៀងនេះ នឹងនាំមកនូវភាពងាយស្រួលដល់ធុរជន ធុរកិច្ចទាំងឡាយណាដែលគាត់រកស៊ីក្នុងវិស័យនេះ ដោយគាត់អាចដំណើរបានច្រើនជាងមុន មានការតភ្ជាប់កាន់តែមមាញឹក ហើយមានជម្រើសកាន់តែច្រើន”។
លោក Dato Lim Jock Hoi អគ្គលេខាធិការអាស៊ាន បានមានប្រសាសន៍ថា កិច្ចព្រមព្រៀងដឹកជញ្ជូនផ្លូវអាកាសនៅថ្ងៃនេះ បានកំណត់ព្រឹត្តិការណ៍ដ៏សំខាន់ នៅក្នុងប្រវត្តិសាស្រ្តអាកាសចរណ៍ពិភពលោក។ លោកជឿជាក់ថា កិច្ចព្រមព្រៀងនេះនឹងពង្រឹងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ការតភ្ជាប់មនុស្ស វប្បធម៌ និងអាជីវកម្មនៅទូទាំងទ្វីប ក៏ដូចជាគាំទ្រដល់កំណើនប្រកបដោយនិរន្តរភាពនៃអាកាសចរណ៍។

លោកស្រី Adina Vălean បេសកជនអឺរ៉ុបទទួលបន្ទុកដឹកជញ្ជូនបាននិយាយថា “កិច្ចព្រមព្រៀងនេះនឹងជួយគាំទ្រដល់ការងើបឡើងវិញនៃវិស័យអាកាសចរណ៍ក្រោយវិបត្តិកូវីដ១៩ និងស្ដារឡើងវិញនូវការតភ្ជាប់ ដែលមានតម្រូវការច្រើន រវាងតំបន់ទាំងពីរ ដើម្បីជាប្រយោជន៍ដល់ប្រជាជនប្រមាណ១,១ពាន់លាននាក់ តាមរយៈការបើកដំណើរការអាជីវកម្ម ពាណិជ្ជកម្ម ទេសចរណ៍ និងការផ្លាស់ប្តូរពីប្រជាជនទៅប្រជាជនកាន់តែច្រើន។ កិច្ចព្រមព្រៀងនេះក៏ផ្តល់ឱ្យនូវវេទិកាថ្មីមួយ ដើម្បីធ្វើការរួមគ្នាឆ្ពោះទៅរកការប្តេជ្ញាចិត្តរួមគ្នា ចំពោះអាកាសចរណ៍ប្រកបដោយនិរន្តរភាពសេដ្ឋកិច្ច សង្គម និងបរិស្ថាន”។

ASEAN-EU CATA គឺជាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសពីប្លុកមួយទៅប្លុកដំបូងគេរបស់ពិភពលោក ហើយឆ្លុះបញ្ចាំងពីគោលនយោបាយចុងក្រោយបង្អស់ នៅក្នុងបទប្បញ្ញត្តិដឹកជញ្ជូនតាមផ្លូវអាកាស។ ការចរចាលើកិច្ចព្រមព្រៀងនេះបានចាប់ផ្តើមដំបូងឡើយនៅឆ្នាំ២០១៦ ហើយបានបញ្ចប់នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន-សហភាពអឺរ៉ុប។ រហូតមកទល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ ដែលភាគីទាំងពីរបានសម្រេចចុះហត្ថលេខា លើកិច្ចព្រមព្រៀងមួយនេះ នៅកោះបាលី ក្នុងប្រទេសឥណ្ឌូណេស៊ី។
ASEAN-EU CATA ផ្តល់មូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងអាស៊ាន និងសហភាពអឺរ៉ុបក្នុងវិស័យ ដូចជា សុវត្ថិភាពអាកាសចរណ៍ ការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស ការការពារអ្នកប្រើប្រាស់ និងបញ្ហាបរិស្ថាន និងសង្គម។ កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅនេះ បង្កើតឡើងនៅលើគំនិតផ្តួចផ្តើមដែលមានស្រាប់ ដូចជាកម្មវិធីពង្រឹងសមាហរណកម្មតំបន់អាស៊ាន ជំនួយពី EU (ARISE Plus) លើជំនួយបច្ចេកទេស និងការកសាងសមត្ថភាព កិច្ចសហប្រតិបត្តិការ EU-អាស៊ីអាគ្នេយ៍ ស្តីពីការកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុពីអាកាសចរណ៍ស៊ីវិល៖ ការកាត់បន្ថយកាបូន និងការកាត់បន្ថយ គ្រោងការណ៍សម្រាប់អាកាសចរណ៍អន្តរជាតិ (EU-SEA CCCA CORSIA) ដែលគាំទ្រការអនុវត្ត CORSIA និងគម្រោងភាពជាដៃគូអាកាសចរណ៍ EU-អាស៊ីអាគ្នេយ៍ (EU- SEA APP)៕
