ដោយៈ គង់ សូរិយា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញសុទិដ្ឋិនិយមថា កំណើនសេដ្ឋកិច្ចជាតិ នឹងសម្រេចបានក្នុងអត្រាប្រមាណ ៦ភាគរយនៅឆ្នាំ២០២៣ខាងមុខ ខណៈឆ្នាំ២០២២នេះ រំពឹងថាសម្រេចបានក្នុងអត្រាកំណើនប្រមាណ៥ភាគរយ។
កំនើនសេដ្ឋកិច្ច ដែលពោរពេញដោយសុទិដ្ឋិនិយមនេះ កើនឡើង ស្របនឹងការដាក់ចេញ និងអនុវត្តនូវក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ច ក្នុងការរស់នៅជាមួយកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី។
ថ្លែងក្នុងពិធីផ្ទេរតំណែងលោក ឌិត ទីណា ជារដ្ឋមន្រ្តីថ្មីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២កន្លងទៅ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញ បានមានប្រសាសន៍ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងភាពប្រាកដនិយមរបស់សម្តេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងអត្រាមធ្យមប្រចាំឆ្នាំប្រមាណ៧% ក្នុងចន្លោះឆ្នាំ២០១០ ២០១៩។
លោកបានបន្តថា ទោះបីជាវិបត្តិនៃជំងឺកូវីដ-១៩ បានធ្វើឱ្យកំណើនសេដ្ឋកិច្ចធ្លាក់ចុះដល់ -៣,១% ក្នុងឆ្នាំ២០២០ ការដាក់ចេញ និងអនុវត្តនូវវិធានការរដ្ឋបាល និងសុខាភិបាលប្រកបដោយភាពម៉ឺងម៉ាត់ និងប្រសិទ្ធភាពគួបផ្សំនឹងការអនុវត្តដោយជោគជ័យ នូវយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេស ដែលធ្វើឱ្យកម្ពុជាសម្រេចបាន ភាពស៊ាំសហគមន៍កម្រិតខ្ពស់ បានអនុញ្ញាតឱ្យកម្ពុជា បើកសកម្មភាពសង្គម-សេដ្ឋកិច្ចលើគ្រប់វិស័យ មុនប្រទេសជាច្រើននៅក្នុងតំបន់ និងលើសកលលោក ចាប់តាំងពីចុងឆ្នាំ២០២១មក។
លោករដ្ឋមន្រ្តីបន្ថែមថា ការដាក់ចេញ និងអនុវត្តនូវក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ បានធ្វើឱ្យកំណើនសេដ្ឋកិច្ចកម្ពុជា ងើបឡើងវិញក្នុអាត្រាប្រមាណ៣% នៅឆ្នាំ២០២១ និង រំពឹងថាសម្រេចបាន ក្នុងអត្រាកំណើនប្រមាណជាង៥,០% ក្នុងឆ្នាំ ២០២២ និងប្រមាណ ៦,០% ក្នុងឆ្នាំ ២០២៣ខាងមុខ៕